ប៉ៃលិន ៖ គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តប៉ៃលិន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោះអញ្ជើញម្ចាស់ក្រុមហ៊ុន កាស៊ីណូ ម្ចាស់ទីតាំងសប្បាយដ្ឋាន និងអ្នកពាក់ព័ន្ធ សរុបជាង១៣០នាក់ នៅសាលាខេត្តប៉ៃលិន មកចូលរួមក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយសមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មេីសគ្រឿងញៀននៅតាមក្លឹបកំសាន្ត កន្លែងសប្បាយដ្ឋាន និងទីតាំងអាជីវកម្មកាស៊ីណូ ដែលងាយកេីតមានបទល្មេីសគ្រឿងញៀន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៩។
ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល អភិបាលខេត្ត និងជាប្រធានគណកម្មាធិការត្រួតពិនុត្យគ្រឿងញៀនខេត្តប៉ៃលិន បានថ្លែងស្វាគមន៍ និងរបាយការណ៍ ថា បច្ចុប្បន្នខេត្ត ប៉ៃលិន មានកាស៊ីណូ ៩ សណ្ឋាគារ ៩ ផ្ទះសំណាក់១៩ ខារ៉ាអូខេ -ឌីស្កូ តែក ៧ ហាងម៉ាស្សាកោសជប់១៦ អាហារដ្ឋាន -ភោជនីយដ្ឋាន ២៤ រមណីយដ្ឋាន ៤ សរុបទូទាំងខេត្ត៨៨ទីតាំង មិនទាន់រាប់ដល់រោងចក្រ សហគ្រាស សិប្បកម្ម ដែលមានកម្មករប្រេីកម្លាំងធ្ងន់ៗ អាចងាយនឹងប្រេីសារធាតុញៀនលេីកកម្លាំង។
លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ បានមានប្រសាសន៍ បានណែនាំ ដល់ម្ចាស់ក្លឹបកម្សាន្ត សប្បាយដ្ឋាន និងកាស៊ីណូ ទាំងអស់ត្រូវតែបង្កេីនការយកចិត្តទុកដាក់ បង្ការទប់ស្កាត់ការប្រេីប្រាស់ ដែលអាចក្លាយទៅជាទីផ្សារជួញដូរ គ្រឿងញៀន និងបង្កេីតឲ្យមានបទល្មេីសគ្រឿងញៀន ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន និងសុំចូលរួមសហការ ជាមួយសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មេីសគ្រឿងញៀន គ្រប់ប្រភេទតាមនីតិវិធីច្បាប់ ។
ជាមួយគ្នានោះ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមដោយសង្កត់ធ្ងន់ថា ក្នុងករណីមានការសង្ស័យ កេីតមាននូវបទល្មេីសគ្រឿងញៀន ក្នុងទីតាំងអាជីវកម្ម ហេីយម្ចាស់ទីតាំងអាជីវកម្ម បានស្នេីសុំនូវកិច្ចសហការពីសមត្ថកិច្ច សមត្ថកិច្ច ត្រូវតែឆ្លេីយតប ធ្វេីអន្តរាគមន៍ភ្លាម ៗ ហេីយចៀសឲ្យបានដាច់នូវកុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ក្នុងករណីបទល្មើសគ្រឿងញៀន ៕ ដោយ៖កូឡាប