តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានជំនឿលើខ្លួនឯង ជឿលើគោលនយោបាយ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តទៀត ជាពិសេសនៅតែគោរពបូជា សាសនាតែមួយគត់ គឺព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ថ្លែងបែបនេះក្នុងពេលដែលលោកបានអញ្ជើញចូលលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា ក្នុងវត្តកោះ ស្ថិតនៅឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ជាមួយនិងបងប្អូនពុទ្ធបរិស័ទ្ធ សិស្សានុសិស្ស និងមន្ត្រីរាជការទាំងអស់នៅក្នុងស្រុកអង្គរបូរី ។
ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៏បន្តថា បើសិនជាប្រទេសអសន្តិសុខ អ្វីៗក៏មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពប្រកបរបររកស៊ី បានដោយសេរី ធ្វើអោយសេដ្ឋកិច្ចក្នុងគ្រួសារមានជីវភាពធូរធា ប្រទេសជាតិក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចកម្ពុជាសព្វថ្ងៃនេះ។ ក្នុងឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាកសាង និងធ្វើការអភិវឌ្ឍន៍សមទ្ធិផលនានា នៅក្នុងទីវត្តអារាមដែលទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកាន់ព្រះពុទ្ធសាសនា សម្រាប់ចូលគោរពបូជា។
ឯកឧត្តម អ៊ូច ភា ក៏បានគូសបញ្ជាក់ថា កត្តាដែលប្រទេសជាតិមានសុខសន្តិភាព គឺពិតជាមិនអាចខ្វះបាននូវធនធានមនុស្ស ដែលមានចិត្តធម៌សប្បុរស យោគយល់អធ្យាស្រ័យគ្នា ក្នុងនោះវិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងធំធេង ជាថ្នាលបណ្តុះធម៌អហិង្សា សីលធម៌ ចំណេះដឹងទូទៅ ធ្វើឲ្យចិត្តជ្រះថ្លា ជាដើមទុននៃគ្រឹះសុខសន្តិភាពក្នុងផ្លូវចិត្ត ដែលមានឥទ្ធិពលលើសង្គមជាតិទាំងមូល ៕ ដោយ ៖ តាកែវ