ក្រុងសៀមរាប ៖ នគរបាល ក្រុង/ស្រុក ចំនួន០៣ សហការគ្នាធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណី លួចកាច់សោកយកម៉ូតូ ដឹកតាមរថយន្ត នឹងដកហូតបានម៉ូតូជាវត្ថុតាងចំនួន០២គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ ។
អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ១៧:២០ នាទីស្ថិតនៅចំណុចមុខបន្ទប់ជួល ទល់មុខសាលាប៉ៃតង ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង.ខេត្ត សៀមរាប ជនរងគ្រោះឈ្មោះសេង សុភ័ក្ក ភេទប្រុស អាយុ២០ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ បានបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខសៀមរាប1AB-1490 លេខតួលេខម៉ាស៊ីន៥២៤៧៧៥៣ ។ នៅថ្ងៃខែដដែល វេលាម៉ោង១៧:០០នាទី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ជនរងគ្រោះឈ្មោះកែ ឈន់ ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិរកា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បានបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥សេរីឆ្នាំ២០១៨ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1AC9883 លេខតួលេខម៉ាស៊ីន៥១២១៨៤៩ ។ នៅចន្លោះពីម៉ោង១៧ ទៅម៉ោង២២ ស្ថិតនៅចំណុចភូមិស្លក្រាម សង្កាត់ស្លក្រាមក្រុង.ខេត្តសៀមរាប ជនរងគ្រោះឈ្មោះអ៊ា ប៊ុនឃីមភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិត្រពាំងសេះសង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ក៏បានបាត់ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប១AE៦៥១២ លេខតួលេខម៉ាស៊ីន៥៤៤៤៥០៤ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងនគរបាលមូលដ្ឋាន និង នគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះទៅកន្លែងកើតហេតុ ហើយបានធ្វើការផ្សព្វផ្សាយរាយការណ៍ ពីភិនភាគម៉ូតូ តាមប្រព័ន្ធវិទ្យុទាក់ទង ID និង ប្រព័ន្ធគ្រុបទូរស័ព្ទ ។
ភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យលោកអធិការទាំងអស់ ជាពិសេស អធិការដ្ឋានស្រុក ដែលមានមូលដ្ឋាន នៅតាមដងផ្លូវជាតិលេខ៦ ដឹកនាំកម្លាំងចេញប្រតិបតិ្តការសហការ ធ្វើការត្រួតពិនិត្យដើម្បីស្វែងរកម៉ូតូដែលបាត់ជូនជនរងគ្រោះវិញ និងចាប់ជនល្មើសមកផ្ដន្ទាទោស។
លុះវេលាដល់ម៉ោង១៩:០០នាទីថ្ងៃខែដដែល កម្លាំងនគរបាលស្រុកប្រាសាទបាគង បានដាក់ការសង្ស័យលើរថយន្តមួយគ្រឿងប្រភេទ១២កៅអីពណ៌លឿង ដែលបើកគេច ចេញពីគោលដៅត្រួតពិនិត្យ ហើយបានបោះដៃបន្តទៅ កម្លាំងនគរបាលសូទ្រនិគម ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីធ្វើការត្រួតពិនិត្យនឹងឃាត់រថយន្ត០១គ្រឿងម៉ាកស៊ាំងយ៉ុង ពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ2AY-4078 និងជនសង្ស័យម្នាក់ ឈ្មោះ តន់ សារី ហៅរ៉ា ភេទប្រុស អាយុ៣២ឆ្នាំមានទីលំនៅភូមិពកត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ខណះក្នុងរថយន្តនេះ មានដឹកម៉ូតូចំនួន០២គ្រឿង ។
-ម៉ូតូទី០១ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AA-2050 លេខតួលេខម៉ាស៊ីន ៥៣០៣០៦៣
-ម៉ូតូទី០២ ម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៨ សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1O-1643 លេខតួលេម៉ាស៊ីន៥២៤៧៧៥៣ ។
បន្ទាប់មក កម្លាំងផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន សក្ដិចំរើនរិទ្ឋិ អធិការរងទទួលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានសហការជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម ធ្វើការឆែកឆេរ លើរថយន្តជនសង្ស័យ ហើយបានរកឃើញផ្លាកលេខម៉ូតូ ចំនួន០៥សន្លឹក និងប័ណ្ណសម្គាល់យានយន្ត(កាតគ្រីម៉ូតូ)ចំនួន០៥សន្លឹក រួមទាំងឧបករណ៍សំរាប់កាច់សោរកម៉ូតូ រួមទាំងប្រដាប់ ថ្កិបផ្លាកលេខមួយចំនួនទៀតផងដែរ ។ ក្រោយឆែកឆេឃើញថាជនសង្ស័យនិងវត្ថុតាងសុីសង្វាក់កំណត់ថាមានបទល្មើសហើយលោកឧត្ដមសេនីយ័ត្រី ភឹងចិន្តារ៉េត បានណែនាំ លោកលោកអធិការនគរបាលស្រុកសូទ្រនិគម ធ្វើការប្រគល់ជនសង្ស័យនិងវត្តុតាង មធ្យោបាយដឹកជញ្ជូន មកអធិការដ្ឋាននគរបាលក្រុងសៀមរាប ជាអ្នកកសាងសំណុំរឿងតាមនីតិវិធី។
ជនសង្ស័យ ក្រោយពីធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសារភាពថា ម៉ូតូចំនួន០២គ្រឿងខាងលើ គឺបក្ខពួករបស់ខ្លួនបានលួចយកមក ហើយប្រគល់ឲ្យខ្លួនដឹកយកទៅឲ្យបក្ខពួកម្នាក់ទៀត នៅរាជធានីភ្នំពេញ ដើម្បីលក់ចេញ ដោយខ្លួនទទួលបានកម្រៃពីការដឹកជញ្ជូនក្នុង ០១ គ្រឿង តម្លៃ១៥០ដុល្លារ ។
យោងតាម ចម្លើយសារភាព និងវត្តុតាង ជនសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកបក្ខពួកជនសង្ស័យ ដែលនៅសេសសល់ នគរបាលបានកំណត់អត្តសញ្ញាណ និងបន្តស្រាវជ្រាវ តាមឃាត់ខ្លួនបន្តតៀត ។
វត្តុតាង ម៉ូតូចំនួន០២គ្រឿង ដែលដកហូតបានមកវិញ ដោយមានការឯកភាពពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាននគរបាលក្រុងសៀមរាប យើងខ្ញុំ ធ្វើការ ប្រគល់ជូនជនរងគ្រោះឈ្មោះ កែ ឈន់ និងឈ្មោះសេង សុភ័ក្ត យកទៅប្រើប្រាស់វិញរួចរាល់ហើយផងដែរ ៕ ដោយ ៖ កូឡាប