ប្រទេសកូរ៉េខាងជើងបាននិយាយថា និស្សិតអូស្រ្តាលីម្នាក់ ដែលត្រូវបានឃុំខ្លួនអស់ជាច្រើនថ្ងៃ មុនពេលគាត់ត្រូវបានដោះលែងវិញ បានធ្វើការចារកម្មសារព័ត៌មានប្រឆាំងកូរ៉េខាងជើងជាច្រើន។
លោក Alek Sigley អាយុ ២៩ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនកាលពីចុងខែមិថុនា ប៉ុន្តែត្រូវបានកូរ៉េខាងជើងដោះលែង ឲ្យមានសេរីភាពវិញ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ក្រោយពេលមន្រ្តីស៊ុយអ៊ែត បានជួបនឹងរដ្ឋាភិបាលកូរ៉េខាងជើង ក្នុងទីក្រុងព្យុងយ៉ាង។
ទោះយ៉ាងណា សារព័ត៌មាន NK News ដែលបានចុះផ្សាយអត្ថបទសរសេរ ដោយនិស្សិតខាងលើ បានធ្វើការច្រានចោលការចោទប្រកាន់ របស់ទីក្រុងព្យុងយ៉ាងថា និស្សិតនោះបានធ្វើចារកម្មឲ្យខ្លួន។
សារព័ត៌មានខាងលើថ្លែងថា នៅក្នុងអត្ថបទរបស់លោក Alek Sigley គឺបានបានបង្ហាញតែទស្សនៈ នៃជីវិតរស់នៅក្នុងទីក្រុងព្យុងយ៉ាងប៉ុណ្ណោះ។
លោក Alek Sigley ដែលអាចនិយាយភាសាកូរ៉េយ៉ាងស្ទាត់ជំនាញ បានរស់នៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យ Kim II-sung និងបានបើកជំនួញទេសចរណ៍នៅទីនោះផងដែរ។
លោកមិនបានធ្វើការបញ្ជាក់ថា ហេតុអ្វីបានជាគាត់ត្រូវគេឃុំខ្លួននោះទេ។ ក្រោយពេលទទួលបានការដោះលែង គាត់បានធ្វើដំណើរចាកចេញ ទៅកាន់ប្រទេសជប៉ុន ដែលមានប្រពន្ធគាត់រស់នៅទីនោះ។
កាលពីថ្ងៃសៅរិ៍កន្លងទៅនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា លោក Alek Sigley បានធ្វើការផ្ញើព័ត៌មានជាច្រើនដង រួមមានរូបភាព និងការវិភាគ ដែលគាត់ទទួលបាន ខណៈពេលធ្វើដំណើរក្នុងទីក្រុងព្យុងយ៉ាង ដោយប្រើឋានៈជាសិស្សអន្តរជាតិ។
KCNA ផ្សាយទៀតថា លោកបានប្រព្រឹត្តិដូចខាងលើ តាមសំណើររបស់ក្រុមសារព័ត៌មានប្រឆាំងកូរ៉េខាងជើង រួមមានសារព័ត៌មាន NK News ជាដើម។
KCNA រាយការណ៍ទៀតថា រដ្ឋាភិបាលកូរ៉េខាងជើង បានសម្រេចចិត្តបណ្តេញលោក Alek Sigley ចេញពីប្រទេសតាមគោលការណ៍មនុស្សធម៌ ក្រោយពេលលោកទទួលស្គាល់ដោយស្មោះត្រង់ថា លោកបានធ្វើចារកម្ម ហើយលោកបានថ្លែងសុំការអភ័យទោសជាច្រើន លើកច្រើនសារចំពោះសកម្មភាពរបស់លោក។
សូមបញ្ជាក់ថា រាល់ជនទាំងអស់ដែលត្រូវកូរ៉េខាងជើងចាប់ និងឃុំខ្លួន តែងតែត្រូវបានកូរ៉េខាងជើង ចោទប្រកាន់ថា ធ្វើចារកម្ម។ប្រភព៖ BBC៕ អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ