ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុវត្តវិធានការទៅលើបុគ្គល ឬក្រុមហ៊ុន និងមធ្យោបាយដែលពាក់ព័ន្ធនឹងបទល្មើស នៅថ្ងៃទី៨ កក្កដា ២០១៩។
អ្នកនាំពាក្យ បានបញ្ជាក់ថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើ ជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព។ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូនថា ដើម្បីថែរក្សាបានព្រៃឈើគង់វង្ស យើងនឹងអនុវត្តន៍វិធានការដូចក្រោម ៖ ទី១- បុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តន៍វិធានការច្បាប់តឹងរ៉ឹង។ ទី២- មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង៕
អ្នកនាំពាក្យ បានស្នើឲ្យអ្នកពាក់ព័ន្ធនឹងជំនួយព្រៃឈើ បញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃនេះតទៅ។
សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចេញលិខិតមួយច្បាប់ ផ្ញើជូន លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យជួយមានវិធានការ សមស្របលើភាពអនាធិបតេយ្យ បទល្មើសចរាចរឈើចេញតាមច្រកព្រំដែន ខេត្តមណ្ឌលគិរី រតនគិរី និង ក្រចេះ៕ ដោយ៖បញ្ញាស័ក្តិ