ខេត្តព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ បានបន្តដាក់បទបញ្ជាដល់មន្ត្រីជំនាញ រដ្ឋបាលក្រុង ឲ្យបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ហើយបានប្រើវិធានការក្តៅស្ទួចរថយន្ដចំនួន ១៥គ្រឿង ដែលចតនៅលើផ្លូវអនាធិបតេយ្យ ដើម្បីផាកពិន័យ និងឲ្យម្ចាស់ធ្វើកិច្ចសន្យាព្រមានឲ្យរាងចាល។
ត្រង់ចំណុចនេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា រថយន្ដទាំង ១៥គ្រឿង ដែលចតលើផ្លូវសាធារណៈអនាធិបតេយ្យខាងលើនេះ ត្រូវកម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ នាំយកមករក្សាទុកនៅក្នុងបរិវេណសាលាក្រុង រយៈពេលវែង ដើម្បីផាកពិន័យ ឲ្យម្ចាស់រថយន្តទាំងនោះរាងចាល។
លោកអភិបាលក្រុងបន្តថា ចំពោះសកម្មភាពរបស់មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ដែលចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈនេះ គឺបានអនុវត្តន៍ជាយូរមកហើយៗ បានបន្តប្រើវិធានការក្តៅរហូតមកដល់ពេលនេះ ក្នុងន័យ ដើម្បីរក្សារបៀបរៀបរយក្រុង និងបញ្ចៀសការកកស្ទះចរាចរណ៍តាមផ្លូវសាធារណៈជាដើម។
លោក អ៊ី សុខឡេង ក៏បានឲ្យដឹងដែរថា ចំពោះសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ទៅលើការសាងសង់សំណង់ខុសច្បាប់ផ្សេងៗវិញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរ ក៏បានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ ដែលប្រើកាយវិការមិនសមរម្យ មកលើមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ពេលចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមចិញ្ចើមផ្លូវឯករាជ្យ នៅចំណុចតំបន់ឧតុនិយម ស្ថិតក្នុងសង្កាត់៣។
ដោយឡែក ចំពោះសំណង់សង់អនាធិបតេយ្យ ប៉ះពាល់ដល់ដីចំណីចិញ្ចើមផ្លូវសាធារណៈវិញ ជាវិធានការទប់ស្កាត់ គឺលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បញ្ជាក់ថា គឺអាជ្ញាធរក្រុង បានចុះហាមឃាត់ចំនួន ៧ទីតាំង ដោយបានបាញ់ថ្នាំឲ្យរុះរើ និងសម្ភារៈជាច្រើនមុខទៀត ដែលដាក់នៅលើចិញ្ចើមផ្លូវ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច រដ្ឋបាលក្រុង ចាប់យកមករក្សាទុកនៅសាលាក្រុងព្រះសីហនុផងដែរ។
ចំណែកចំពោះជនជាតិចិន ចំនួន២នាក់ ដែលប្រើកាយវិការមិនសមរម្យលើមន្ត្រីរដ្ឋបាលក្រុង ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើកិច្ចសន្យា និងអប់រំណែនាំ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ហើយក៏បានដោះលែងឲ្យទៅផ្ទះវិញ៕ ដោយ៖ ដែន សីមា