ខេត្តស្វាយរៀង៖ លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង តំណាងលោកស្រីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៩ ព្រមទាំងសហការីបាននាំយកបច្ច័យ ទេយ្យទាន ទៅប្រគេន ដល់ព្រះសង្ឃ ចំនួន ១៥ វត្ត មកពី ៥ ឃុំក្នុងស្រុកស្វាយជ្រំ នាឱកាសបុណ្យចូលកាន់ព្រះវស្សាហ៍ ដែលជិតចូលមកដល់ ដែលពិធីនេះប្រារព្វធ្វើនៅវត្តស្វាយផ្អែម ស្ថិតនៅឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ។
សូមបញ្ជាក់ផងដែរថាៈការប្រារព្វនូវពិធីបុណ្យនេះ ដើម្បីវេចង្ហាន់ប្រគេនព្រះសង្ឃ ឧទ្ទិសមគ្គផលជូនចំពោះដួងវិញ្ញាក្ខន្ធបុព្វការីជនទាំងឡាយ មានមាតា បិតា ជីដូនជីតា ញាតិការទាំង ៧ សណ្តានដែលបានបែកកាយ រំលាយខ័ន្ធលោកនេះទៅកាន់លោកខាងមុខ ហើយមួយចំណែកទៀត ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វិរៈយុទ្ធនារី ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ លោកស្រី តំណាងរាស្ត្រមណ្ឌលស្វាយរៀង មានប្រសាសន៍ពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីឧប នាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រគេន និង ជូនចំពោះព្រះសង្ឃ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលនិមន្ត និង អញ្ជើញចូលរួមក្នុងកម្មវិធីនេះ ។
លោកស្រីបានបញ្ជាក់ថាការអនុវត្តគោលនយោ បាយភូមិ ឃុំមានសុវត្ថិភាព នៅទូទាំងឃុំ សង្កាត់ ធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានពង្រឹងគ្រប់មូលដ្ឋាន រាល់បទល្មើសផ្សេងៗត្រូវបានបង្ក្រាបបានទាន់ពេលវេលា ចលនាបង្កបង្កើនផលរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន សម្រេចភ្ជួរ រាស់ បានមួយចំនួន ការងារអភិវឌ្ឍន៍ ហេដ្ឋារចនាសម័ន្ធ រូបវ័ន្ធ ត្រូវបានប្រជាពលរដ្ឋចូលរួម អភិវឌ្ឍ គ្រប់មូលដ្ឋានទាំងពុទ្ធចក្រ និងអណាចក្រ ហើយជាក់ស្តែងបច្ចុប្បន្ននេះ ប្រជាពលរដ្ឋព្រះសង្ឃ បាន និងកំពុងរៀបចំប្រារព្វពិធីបុណ្យចូលកាន់ព្រះវស្សាហ៍ដែលនឹងមកដល់នាពេលខាងមុខទៅតាមប្រពៃណីជាតិ លោកជំទាវក៍បានសំដែងនូវការអបអរសាទរចំពោះមន្ត្រីថ្នាក់ដឹកនាំស្រុក ឃុំ ភូមិទាំងអស់ ដែលបានចូលរួមអភិវឌ្ឈមូលដ្ឋានបានល្អប្រសើរនៅគ្រប់តំបន់ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ ។ ទន្ទឹមគ្នានេះដែរ លោកស្រីក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ត្រូវពង្រឹងការយាមកាមតាមមូលដ្ឋាន ដើម្បីធានាដល់សុវត្ថិភាព សន្តិសុខ និងជម្រុញការងារ បង្ករបង្កើនផលឲ្យទាន់រដូវកាលដើម្បីបំពេញតម្រូវការហូបចុក និងបម្រើទីផ្សាក្នុងស្រុក និងអន្តរជាតិ ។
នៅក្នុងឱកាសនោះលោកស្រីបានប្រគេនទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃទាំង ១៥ វត្ត ក្នុង ១ វត្តមានអង្ករ ១០០ គ.ក្រ ម្រេងម៉ាស៊ូត ២០ លីត្រ មី ២ កេស ទឹកសុទ្ធ ២ កេស ទឹកក្រូច ២ កេស ទៀន ១ គ.ក្រ ស្ករស ៥ គ.ក្រ ទឹកដោះគោ ៥ កំប៉ុង តែ ៦ កញ្ចប់ ធូប ១ ដុំ ត្រីខ ១ ឡូ ខ្ទឹមស ២ គ.ក្រ ប៊ីចេង ១ គ.ក្រ អមបិល ២ គ.ក្រ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ស្លាដក់ ១ មីសួរ ២ គ.ក្រ នំអន្សម ២ បច្ច័យ ៥០.០០០ រៀល និងបច្ច័យកសាង ២០០.០០០ រៀល ៕ ដោយ ៖ វ៉ៃកូ