ស្រុកព្រៃនប់៖ មានគ្រោះថ្នាក់មួយករណីទៀត រថយន្ត៤គ្រឿងបុកបន្គគ្នា តាមផ្លូវជាតិលេខ៤ នាល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ វេលាម៉ោង ១៦និង២០នាទី នៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រ លេខ ១៨៨~១៨៩ ។ នគរបាលប្រាប់ជាបឋមថា គ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើងរវាងរថយន្ត០៤ គ្រឿងបុកតគ្នា ដែលមានទិសដៅភ្នំពេញឆ្ពោះ.ខេត្តព្រះសីហនុ ៖ ១. រថយន្តម៉ាក NISAN ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-9993 (រថយន្តទី១) បើកបរដោយឈ្មោះ ម៉ៃ តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រេច ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ២. រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខកណ្តាល 2C-8939 (រថយន្តទី២) បើកបរដោយឈ្មោះ ចែម បញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររត់តាក់ស៉ី មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ៣. រថយន្តម៉ាក TOYOTA -PRUIS ពណ៍ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ 2AW-8296 (រថយន្តទី៣) បើកបរដោយឈ្មោះ ឈន រតនា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅសង្កាត់មានជ័យ ខ័ណមានជ័យ រាជធានីភ្នំពេញ ។ ៤. រថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-0225( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ)។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ។
បច្ចុប្បន្ន វត្ថុតាងរថយន្តទាំងបួន បានយករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលទទឹង។ ដោយឡែកអ្នកបើករថយន្ត FUSO បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
ចាប់ពីពេលរសៀលរហូតមកត្រឹមល្ងាចថ្ងៃ08.កក្កដា2019នេះនៅខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍រហូតទៅដល់4ករណី បណ្តាលអោយមនុស្សម្នាក់ស្លាប់ មួយចំនួនទៀតរងរបួស ក្នុងនោះជនរងគ្រោះដែលស្លាប់គឺជាជនជាតិចិន និងមានរថយន្ត09គ្រឿងព្រមទាំងម៉ូតូមួយគ្រឿងរងការខូចខាត។ គ្រោះថ្នាក់ចរាចរណ៍ទាំង4ករណីនេះ មាន3ករណីកើតឡើងតាមផ្លូវជាតិលេខ4ក្នុងស្រុកព្រៃនប់ និងមួយករណីទៀតកើតឡើងតាមផ្លូវក្នុងស្រុកស្ទឹងហាវ ។ សមត្ថកិច្ចដែលមើលការខុសត្រូវផ្នែកសន្តិសុខសណ្តាប់ធ្នាប់តាមមូលដ្ឋាន និងនៅតាមផ្លូវជាតិថ្លែងថា គ្រោះថ្នាក់ទាំងអស់នេះបណ្តាលមកពីកត្តាអ្នកបើកបរមួយចំនួនពិសេសអ្នកដែលបង្កហេតុមុនគេ ខ្វះការប្រុងប្រយត្ន័ ហើយអ្នកបើកបរខ្លះទៀតមិនយោគយល់អធ្យាស្រយ័គ្នា និងខ្លះទៀតបើកបរលឿនពេក។ ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ កន្លងមកក៍ដូចជាបច្ចុប្បន្ន អជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តព្រះសីហនុបានអប់រំនិងអំពាវនាវអោយអ្នកបើកបរយានយន្តគ្រប់រូបគោរពច្បាប់ចរាចរណ៍និងបង្កើនការប្រុងប្រយត្ន័ និងបានដាស់តឿនថា នៅពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ម្តងៗ ហានិភយ័នឹងកើតមានច្រើន ទាំងលើខ្លួនឯងនិងលើអ្នកដ៍ទៃ៕ ដោយ៖បញ្ញាស័ក្តិ