មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស ព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ក្រោមការដឹកនាំពីលោក សៅ សុខា។ នេះបើតាមផ្សាយក្នុងផេករបស់លោកវីល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការចាប់ខ្លួនមនុស្ស៤នាក់ ដែលក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដល្មើសផ្សេងទៀត ត្រូវបានឈ្មូញយកទៅលាក់ទុកនៅក្នុងព្រៃ ហើយនៅពេលនេះកម្លាំងជំនាញ កំពុងរុករកភស្តុតាងបន្ថែមទៀត ហើយរថយន្ដដែលសមត្ថកិច្ចរកឃើញនៅក្នុងព្រៃ និងបំផ្លាញចោលនៅទីនោះតែម្ដង។
សូមជម្រាបជូនថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ ជាដើម) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង៕