ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Watanabe Jinichi តំណាងឱ្យក្រុមប្រឹក្សាយោបល់ Japan International Consultant System (JICS) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការបន្តអនុវត្តន៍គម្រោងបោសសំអាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីន នៅវគ្គបញ្ចប់នៃគម្រោងកម្មវិធី៣ឆ្នាំ (២០១៧-២០១៩)។

សូមបញ្ជាក់ថា គម្រោឆ្នាំ២០១៩នេះ មាន២ផ្នែក គឺ១.ការបោសសំអាតតំបន់ចំការមីន និង២.ការអភិវឌ្ឍតំបន់បោសសំអាតមីនរួច ដែលថវិកាគាំទ្រការបោសសំអាតមីន មានចំនួនប្រមាណ២លាន៦សែនដុល្លារ និងការអភិវឌ្ឍតំបន់បោសសំអាតមីនរួច មានចំនួនជាង២២ម៉ឺនដុល្លារ។ គម្រោងនេះជួយគាំទ្រកម្លាំងបោសសំអាតមីន របស់អង្គភាពស៊ីម៉ាក់បានជាង៤០០នាក់ ហើយតាមផែនការដំបូងគម្រោងនេះ ត្រូវបញ្ចប់ត្រឹមចុងខែតុលា ឆ្នាំ២០១៩ ប៉ុន្តែបានឯកភាពគ្នាខិតខំពន្យារយៈពេលនៃគម្រោងនេះ២ខែបន្ថែមទៀត ពោលគឺដល់ចុងឆ្នាំ២០១៩ ដោយនៅចំពោះមុខអង្គភាពស៊ីម៉ាក់ ចាប់ផ្តើមសម្រួលកម្លាំងមួយចំនួន ចេញពីគម្រោងនេះ ចៀសវាងការប៉ះពាល់ខ្លាំង ដល់កម្លាំងប្រតិបត្តិការនៅ ពេលគម្រោងត្រូវបានបញ្ចប់។ គម្រោងនេះ បានផ្តល់លទ្ធភាពឱ្យអង្គភាពស៊ីម៉ាក់ អាចជំរុញការបោសសំអាតមីន ដោយប្រើប្រាស់គ្រឿងចក្រ និងគាំទ្រដល់ប្រជាពលរដ្ឋ ដែលរងការគំរាមកំហែង ដោយសារគ្រាប់មីន បានយ៉ាងមានប្រសិទ្ធភាព ទាំងសុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕ដោយ៖កូឡាប


