ខេត្តព្រះសីហនុ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់ កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា នាសាលាក្រុងព្រះសីហនុ ថា រដ្ឋបាលខេត្តបានកំណត់យកថ្ងៃទី១៣ ខែកក្កដាខាងមុខ ដើម្បីបើកយុទ្ធនាការប្រមូលកាកសំណល់សំរាម ចេញឲ្យអស់ពីខេត្តព្រះសីហនុ។
លោកថា នេះជាយុទ្ធនាការសម្អាតក្រុងព្រះសីហនុ ឱ្យមានសោភ័ណភាពស្រស់ស្អាត មានអនាម័យ និងបរិស្ថានស្អាត ដើម្បីឲ្យប្រជាពរដ្ឋរស់នៅក្នុងក្រុងទាំងមូលមានផាសុកភាព និងជាពិសេសជាទីទាក់ទាញភ្ញៀវទេសចរផងដែរ។
តំណាងក្រុមហ៊ុនប្រមូលសំរាម KSWM បានឲ្យដឹងថា បច្ចុប្បន្ននេះ កាកសំណល់សំរាមជាប្រចាំថ្ងៃ នៅក្នុងក្រុងព្រះសីហនុ មានប្រមាណ ៧០០តោនក្នុងមួយថ្ងៃៗ។ ចំនួននេះមានការកើនឡើងដោយសារតែកំណើនប្រជាជន កំណើនវិនិយោគ និងការផ្លាស់ប្តូរឥរិយាបថ របស់ប្រជាពលរដ្ឋលើការវេចខ្ចប់ទំនិញ។
ផ្តើមពីបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតអនាម័យបរិស្ថាន វេចខ្ចប់ និងញែកសំរាម ឲ្យបានត្រឹមត្រូវតាមប្រភេទសំរាមនីមួយៗ។
បញ្ហាសំរាមកកស្ទះស្អុយរលួយពេញក្រុងនេះ ទើបឈានដល់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ បានដឹកនាំកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយអភិបាលក្រុង, មន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនប្រមូលសំរាម KSWM ផង។
នៅក្នុងកិច្ចប្រជុំនោះ លោក គួច ចំរើន បានជំរុញឲ្យរដ្ឋបាលក្រុង និងក្រុមហ៊ុនប្រមូលសំរាម KSWM ត្រូវរៀបចំផែនការសំអាតអនាម័យក្រុង ឲ្យបានស្អាត និងឆាប់រហ័ស ដើម្បីបរិស្ថានទីក្រុងស្អាតផង និងប្រជាពលរដ្ឋមានទំនុកចិត្តផង។ ជាពិសេសដើម្បីកុំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋ ដូចពេលកន្លងមកទៀត៕ ដោយ៖ ដែន សីមា