កំពង់ត្រឡាច ៖ មនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ផ្ទុះឆេះធុងហ្គាស មកពីមានការធ្វេសប្រហែស ពេលបញ្ចូលហ្គាសបិទមិនជិតបណ្ដាលឲ្យផ្ទុះពីកំប៉ុងតូច និងឆេះរាលដល់ធុងហ្គាសចំណុះ ១០គីឡូ។
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង៤០នាទី បានកេីតមានករណីផ្ទុះឆេះហ្គាសនៅចំណុចផ្ទះឈ្មោះ ម៉ាត់ សឹម ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ាត់ ភ័ស អាយុ៥២ ឆ្នាំ ស្ថិតនៅភូមិច្រក រមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបណ្តាលឲ្យរបួសមនុស្សចំនួន៤នាក់ មានឈ្មោះ៖ ១-ម៉ាត់ សឹម ប្រុស អាយុ ៥៤ឆ្នាំ របួសធ្ងន់ ២-ម៉ាត់ អាមីន ភេទប្រុស អាយុ ៣២ឆ្នាំ របួសធ្ងន់ ៣-អៃ នី ភេទស្រី អាយុ ១៥ឆ្នាំ របួសធ្ងន់ (ជនរងគ្រោះទាំង ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ ភ្នំពេញ) ៤-ពីន ភេទប្រុស អាយុ ២៨ឆ្នាំ របួសស្រាល (សង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក និងបានវិលត្រឡប់ទៅផ្ទះវិញ)។
នគរបាលបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យផ្ទុះឆេះនេះមកពីមានការធ្វេសប្រហែស ពេលបញ្ចូលហ្គាសបិទមិនជិតបណ្ដាលឲ្យផ្ទុះពីកំប៉ុងតូច និងឆេះរាលដល់ធុងហ្គាសចំណុះ ១០គីឡូ៕ ដោយ៖កូឡាប