ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យ គង់ រ៉ៃយ៉ា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធបទល្មើស ញុះញង់ឲ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
អង្គការលីកាដូ បានឲ្យដឹងថា កាលពីម្សិលមិញ អតីតនិស្សិតជាសកម្មជន លោក គង់ រ៉ៃយ៉ា និងសមាជិកក្រុមគ្រួសាររបស់លោក ៣នាក់ទៀត ត្រូវបាននគរបាលចាប់ខ្លួន ដោយចោទប្រកាន់ពីបទញុះញង់ឱ្យបង្កចលាចលក្នុងសង្គម។ ខណៈដែលសមាជិគ្រួសារ៣នាក់កំពុងស្ថិតនៅក្នុងការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ លោក គង់ រ៉ៃយ៉ា ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ។
លោកត្រូវបានចាប់ខ្លួនម្ដងហើយកាលពីខែសីហា ឆ្នាំ២០១៥ និងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុក ដែលបានអំពាវនាវឱ្យធ្វើ “បដិវត្តន៍ពណ៌” ជាពាក្យដែលអាជ្ញាធរតែងតែប្រើដើម្បីចាត់ទុកចលនាសន្ដិវិធីថាជា សកម្មភាពបះបោរដោយហិង្សា។
សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា និងបក្ខពួក ៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ បន្ទាប់ពួកគេបោះពុម្ព ទ្រឹស្ដី របស់លោកបណ្ឌិត កែម ឡី នៅលើអាវយឺតពណ៌ខ្មៅ និងស ដែលមាន ខ្លឹមសារញុះញង់ឲ្យមានកំហឹងឈឺចាប់ ដោយភ្ជាប់នឹងថ្ងៃមរណភាព លោកបណ្ឌិត កែមឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ក្រោយឃាត់ខ្លួនយកទៅសាកសួរ សមត្ថកិច្ច បានសម្រេចឲ្យមនុស្ស ៣នាក់ទៅផ្ទះវិញមដោយទុកតែជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា ម្នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ៕ ដោយ៖កូឡាប