កំពង់ឆ្នាំង ៖ ក្នុងជម្លោះប្រកែកដណ្តើមដីគ្នា យ៉ាងតឹងសរសៃកដាក់គ្នា រវាងប្រជាពលរដ្ឋនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ និង អង្គភាពយោធា K88 បណ្តាលឲ្យមន្ត្រីយោធាម្នាក់ បានដួលធ្លាក់ពីលើកៅអីស្លាប់។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចដីជម្លោះ
ក្បែរអាស្រមបង្គោលកីស្រីខ្មៅ និង ជាចំណុចឈរជើងរបស់យោធាអង្គភាពK88 ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
បនៅវេលាកើតហេតុខាងលើ មានប្រជានាំគ្នាចូលទៅ ភ្ជួរដីចំការរបស់ខ្លួន( ដីទំនាស់ ) ហើយត្រូវបានក្រុមទាហានអង្គភាពK88 មកឃាត់មិនឲ្យភ្ជួរ ក៏កើតមានការឈ្លោះប្រកែកគ្នាឡើងតឹងសរសៃករៀងៗខ្លួន ក្នុងពេលកំពុងប្រកែកគ្នានោះ ស្រាប់តែមានមន្ត្រីយោធាម្នាក់ បានប្រកាច់ធ្លាក់ពីលើកៅអី ដែលគាត់កំពុងអង្គុយ ហើយសន្លប់បាត់ស្មារតី។
មន្ត្រីយោធារូបនោះត្រូវបានគេបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ទើបបណ្ដាលឲ្យគាត់ស្លាប់ ។
សូមបញ្ជាក់ថា ក្នុងជម្លោះដណ្តើមដីគ្នារវាងប្រជាពលរដ្ឋនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ និង អង្គភាពយោធាK88 នេះ ខាងក្រុមទាហានការអង្គភាពការ K88 អះអាងថាជាដីរបស់អង្គភាព ចំណែកប្រជាពលរដ្ឋ ពួកគាត់បានអះអាងថា គឺជាដីរបស់គាត់ កាន់កាប់គ្រប់ដែលពួកគាត់គ្រប់គ្រងតាំងពីឆ្នាំ១៩៨២ ៕ ដោយ៖បញ្ញាស័ក្តិ