Thursday, July 7, 2022

ឯកអគ្គរដ្ឋទូត​ចិន និង​អភិបាលខេត្ត​ព្រះសីហនុ ផ្លាស់ប្ដូរ​យោបល់ ទាក់ទង​នឹង​ការកសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិ​ន​ធាន (Wang Wentian) បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន នៅ​នឹង​ស្ថានទូត​ចិន ដោយ​ផ្តោត​សំខាន់​ទៅលើ​ការផ្លាស់ប្ដូរ​យោបល់​ទៅវិញទៅមក​ទាក់ទង នឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់ក្រោម​ជាតិ​រវាង​ចិន និង​កម្ពុជា ព្រមទាំង​ជំរុញ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ។​

​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ បានសរសេរថា ” លោក​ឯកអគ្គរដ្ឋទូត​ចិន Wang Wentian អញ្ជើញ​មាន​ជំនួប​ជាមួយ​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​
​នៅ​ថ្ងៃទី​១០ ខែកក្កដា លោក​ឯកអគ្គរដ្ឋទូត​ចិន Wang Wentian អញ្ជើញ​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ឯកឧត្តម​គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​នៅ​ស្ថានទូត​ផ្ទាល់​។ ភាគី​ទាំង​ពីរបាន​ផ្លាស់ប្ដូរ​យោបល់​ទៅវិញទៅមក​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់ក្រោម​ជាតិ​រវាង​ចិន និង​កម្ពុជា រួមជាមួយ​កិច្ចការ​ជំរុញ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជាដើម​។​

​លោកស្រី​ទីប្រឹក្សា​កិច្ចការ​នយោបាយ Zuo Wenxing លោក​សេនានុព័ន្ធ​យោធា Li Ningya លោក​ទីប្រឹក្សា​កិច្ចការ​ពាណិជ្ជកម្ម Li An និង​លោក​ទីប្រឹក្សា Li Jie ជាដើម​ចូលរួម​ក្នុងជំនួប​”​។

​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ធាង ភារ​ម្យ មានប្រសាសន៍ថា អភិបាលខេត្ត​ព្រះសីហនុ ជា​អ្នកស្នើ​ឱ្យមាន​ជំនួប​នេះ ដើម្បី​សុំឱ្យ​ទូត​ចិន​សហការ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន រួមមាន សន្តិសុខ ការប្រយុទ្ធប្រឆាំង​បទល្មើស​នានា ការលាង​លុយ​កង្វក់ និង​បទល្មើស​បច្ចេកវិទ្យា ជាដើម​។ លោក បន្តថា ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​គម្រោង​មួយ គឺ​ព្រមព្រៀង​បើក​ស្ថាន​កុងស៊ុល​ចិន​ប្រចាំខេត្ត​ព្រះសីហនុ និង​អង្គភាព​សារព័ត៌មាន​មួយ​។​

​លោក ធាង ភារ​ម្យ មានប្រសាសន៍ថា ៖ «​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន ធ្វើការ​គាំទ្រ​ចំពោះ​ការបើក​ទីតាំង​សារព័ត៌មាន​ចិន និង​ស្ថាន​កុងស៊ុល ធ្វើការ​ផ្សព្វផ្សាយ​។ និង​សហការ​ជាមួយ​រដ្ឋបាលខេត្ត ដើម្បី​ផ្ដល់ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​ចិន និង​អ្នកវិនិយោគ​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​នៅ​ខេត្ត​ព្រះសីហនុ​យើង​។ ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន​។​»​ ដោយ​៖​បញ្ញា​ស័ក្តិ​