Thursday, June 30, 2022

គិត​ត្រឹម​ខែមេសា ឆ្នាំ ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ១៩៦,២៦​លាន​ដុល្លារ

​ភ្នំពេញ​៖ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១៨ សម្រេចបាន​ទឹកប្រាក់​ចំនួន ៥៥៨.៦២​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ឥណ្ឌូនេស៊ី មាន​ទឹកប្រាក់ ៣៣​លាន​ដុល្លារ និង​នាំចូល​មាន​ទឹកប្រាក់ ៥២៥,៦​លាន​ដុល្លារ​។ គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ១៩៦,២៦​លាន​ដុល្លារ គឺ​បាន​កើនឡើង ១០,៤៨% ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។

​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ភាគី​ទាំង​ពីរបាន​ចុះ​អនុស្សរណៈ ស្តីពី​ការមិន​យកពន្ធ​ត្រួតគ្នា និង​ការបង្ការ​អំពើ​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ប្រាក់ចំណូល ព្រមទាំង​អនុស្សរណៈ​ស្តីពី​ការកសាង​សមត្ថភាព​លើ​វិស័យ​កសិកម្ម និង​សេដ្ឋកិច្ច​។ ដោយឡែក​សម្រាប់​វិស័យ​ទេសចរណ៍ កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ឥណ្ឌូនេស៊ី​បាន​បង្កើត​ជើងហោះហើរ​ត្រង់ ពី​ទីក្រុង​ហ្សា​កាតា​-​ភ្នំពេញ​-​ហ្សា​កាតា ដោយ​ក្រុមហ៊ុន City Link Indonesia រៀងរាល់ថ្ងៃ​ច័ន្ទ​-​ពុធ​-​សុក្រ ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ Airbus 320 ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន ១៨០​នាក់​។​

​សូមពញ្ជាក់ថា នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ មាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីពី​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ឆ្នាំ​២០១៩ ដែល​គ្រោង​ធ្វើឡើង​រយៈពេល ០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់ ២១ ខែកក្កដា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប ដើម្បី​អបអរសាទរ​ខួប​អនុស្សា​វរិ​យ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី​។​

​សន្និសីទ​សារព័ត៌មាន​នេះ ទទួលបាន​ការអញ្ជើញ ជា​គណៈអធិបតី​ភាព​ពី លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក​ស៊ូ​ឌា​ម៉ាន់ ហា​សេង ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ប្រចាំ​នៅ​កម្ពុជា និង​មានការ​ចូលរួម​ពី​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ រួមជាមួយ​អ្នកសារព័ត៌មាន ប្រមាណ​ជាង ៣០​រូប​។​

​តាមរយៈ​សន្និសីទ​នេះ អ្នកសារព័ត៌មាន​ទាំងអស់ បាន​ស្វែងយល់​អំពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ នៅក្នុង​ក្របខណ្ឌ​អាស៊ាន ព្រមទាំង​ដំណើរការ​រៀបចំ​ទូទៅ នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​ខាងលើ ដែល​តាម​ការ​ឱ្យដឹង ពី​មន្ត្រីជាន់ខ្ពស់​ទាំងពីរ គឺមាន​ការតាំង​បង្ហាញ​ផលិតផល​ចម្រុះ ដោយ​ក្រុមហ៊ុន​ជាង ១០០ អម​ជាមួយ​វេទិកា​ធុរកិច្ច កម្មវិធី​សម្តែង​សិល្បៈ ការប្រកួត​កីឡា​មិត្តភាព ការផ្លាស់ប្តូរ​លិខិត​អបអរសាទរ ការ​ចងក្រង​សៀវភៅ​មិត្តភាព​ខួប ៦០​ឆ្នាំ មហោស្រព​ភាពយន្ត និង​ការសម្ពោធ​សមិទ្ធផល​នានា​៕ ដោយ​៖​កូ​ឡាប​