សម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍មួយថា យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលចំនួន៨៦ សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងាំង ចំពោះការប្រើប្រាស់កងកម្លាំងសន្ដិសុខដោយមិនសមហេតុផល អំឡុងពេលប្រារព្វពិធីរំលឹកខួប៣ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី និងសូមស្នើសុំដោយទទូចឱ្យអាជ្ញាធរដោះលែងសកម្មជនលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ពីការឃុំខ្លួនឱ្យបានឆាប់រហ័សដោយគ្មានលក្ខខណ្ឌ និងទម្លាក់ចោលបទចោទលើអ្នកទាំងពីរ។
យុរជនទាំងពីរត្រូវបានចាប់ខ្លួន ដោយសារប្រើប្រាស់សេរីភាព នៃការបញ្ចេញមតិដោយអហិង្សា អំឡុងពេលចូលរួមពិធីរំលឹកខួបនៃឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួន អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទញុះញង់ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការក្នុងមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ក្នុងរាជធានីភ្នំពេញ។
លោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ និងសមាជិកក្រុមគ្រួសារ៣នាក់ទៀត ត្រូវបានចាប់ខ្លួនថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីលោកបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពីការលក់អាវយឺតដែលមានរូបលោកបណ្ឌិត កែម ឡី។ រ៉ៃយ៉ា ក៏បានបង្ហោះសារអំពី លេខទូរស័ព្ទអ្នកបើកបររថយន្តឈ្នួលម្នាក់ដែលអាចដឹកមនុស្សទៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបអ្នកវិភាគដែលត្រូវបានធ្វើឃាតនេះផងដែរ។ ផ្អែកតាមសកម្មភាពទាំងនេះហើយ ដែលអាជ្ញាធរសម្រេចចោទប្រកាន់លោក គង់ រ៉ៃយ៉ា ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍”។ ការចោទប្រកាន់នេះធ្វើឱ្យសាធារណជនយល់ឃើញថា គ្មានមូលដ្ឋាន ដែលរំលោភលើសិទ្ធិរបស់លោក រ៉ៃ យ៉ា ក្នុងការសម្ដែងមតិដោយសន្ដិវិធី ដូចមានចែងក្នុងមាត្រា៤១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា។ លោក គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួនម្ដងហើយ កាលពីខែសីហា ឆ្នាំ២០១៥ និងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ១៨ខែ ក្រោមបទចោទដែលគ្មានមូលដ្ឋានដូចគ្នា ពាក់ព័ន្ធនឹងការបង្ហោះសារមួយទៀតលើហ្វេសប៊ុក។
មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា គឺថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក សួង នាគព័ន្ធ អាយុ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅខាងក្រៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ជាទីតាំងដែលលោកបណ្ឌិត កែម ឡី ត្រូវបានធ្វើឃាត កាលពី៣ឆ្នាំមុន។ នាគព័ន្ធ អតីតនៃសមាជិកក្រុមយុវជនលោកបណ្ឌិត កែម ឡី បានកំពុងចូលរួមពិធីរំលឹកខួបនេះ នៅស្ថានីយប្រេងឥន្ធនៈខាងលើ ប៉ុន្តែត្រូវបានចាប់ខ្លួនជាមួយសកម្មជនជាបងប្អូនភ្លោះពីរនាក់ទៀត គឺ លោក ជុំ ហួត និងលោក ជុំ ហួរ ខណៈដែលអ្នកទាំងពីរនេះកំពុងកាន់កម្រងផ្កាបម្រុងដាក់នៅស្ថានីយប្រេងឥន្ធនៈ។ បងប្អូនភ្លោះទាំងពីរនាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃដដែល។
មុនពេលចាប់ខ្លួន នាគព័ន្ធ បានកាន់ខិត្តប័ណ្ណមានភ្ជាប់សារ “បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់” ជាមតិដែលហាមឃាត់មនុស្ស និងស្ថាប័នទាំងអស់ កុំឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។ ការចាប់ខ្លួន និងការចោទប្រកាន់លើរូបលោកបង្ហាញពីចំណុចខ្សោយមួយទៀតរបស់អាជ្ញាធរដែលបានធ្វើការបង្ក្រាបទៅលើសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំគ្នាដោយសន្ដិវិធី នៅក្នុងប្រទេសកម្ពុជា។
ការចោទប្រកាន់លើបុគ្គលទាំងនេះ បានធ្វើឱ្យការចងចាំលោកបណ្ឌិត កែម ឡី ក្លាយទៅជាសកម្មភាពខុសច្បាប់ដូចជាការចូលរួមពិធីរំលឹកខួប ឬពាក់អាវយឺតដែលមានរូប និងសម្រង់សម្ដីរបស់លោកបណ្ឌិតជាដើម។ អ្នកវិភាគនយោបាយដ៏គួរឱ្យគោរពរូបនេះ ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃក្នុងខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែករណីនេះនៅមិនទាន់មានការស៊ើបអង្កេតដោយហ្មត់ចត់ ។
ការចាប់ខ្លួនទាំងនេះកើតឡើងស្របពេលដែលព្រឹត្តិការណ៍នៃការប្រារព្ធពិធីរំលឹកខួបនេះនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត ក៏ត្រូវបានអាជ្ញាធររឹតត្បិតផងដែរ។ អាជ្ញាធរទាំងនេះ ហើយដែលបាន ប្រាប់ទៅអ្នករៀបចំពិធីថា ពួកគាត់តម្រូវឱ្យមាន ការអនុញ្ញាតពីអាជ្ញាធរជាមុនសិន មុនពេលរៀបចំពិធីរំលឹកខួបនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី។
អ្នករៀបចំកម្មវិធីនៅខេត្តបន្ទាយមានជ័យ កំពង់ចាម និងខេត្តកណ្ដាល ត្រូវបានរាយការណ៍ថា រងការគំរាមកំហែងដោយវត្តមាននគរបាល ដែលត្រូវបានដាក់ពង្រាយដើម្បីឃ្លាំមើលការរៀបចំពិធីទាំងនេះ ខណៈដែលការរៀបចំពិធីនៅភ្នំពេញត្រូវបានហ៊ុមព័ទ្ធដោយកងកម្លាំងចម្រុះជាង៥០នាក់ ដែលបានធ្វើការរារាំង សកម្មភាពសន្ដិវិធីនេះយ៉ាងហិង្សា ដោយការដកហូតយកកម្រងផ្កា និងបង្ខំឱ្យដោះអាវចេញជាដើម។
សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោកបណ្ឌិត កែម ឡី ជាសហស្ថាបនិក ត្រូវបានអាជ្ញាធររារាំងនៅខាងក្រៅ ការិយាល័យគណបក្សក្នុងរាជធានីភ្នំពេញ ក្នុងការធ្វើដំណើរឆ្ពោះ ទៅកាន់កន្លែងជួបជុំគ្នា នៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ និងការប្រារព្ធពិធីក្នុងខេត្តតាកែវ ដែលជាភូមិកំណើតរបស់លោកបណ្ឌិត កែម ឡី។
អង្គការលីកាដូ បានស្នើសុំឱ្យដោះលែងលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ លើអ្នកទាំងពីរ៕ ដោយ៖បញ្ញាស័ក្តិ