ភ្នំពេញ៖ លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា អមដំណើរដោយមន្រ្តីក្រោមឱវាទសាលារាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ បាននាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តចំនួន១៥០វត្ត ទូទាំងរាជធានីភ្នំពេញ ដើម្បីជួយទំនុកបម្រុង និងបង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។
កម្មវិធីដង្ហែទានព្រះវស្សានេះ ត្រូវបានរៀបចំឡើង យ៉ាងមហោឡារឹកប្រកបដោយសទ្ធាជ្រះថ្លា ស្ថិតនៅក្នុងទីអារ៉ាមវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក នារសៀលថ្ងៃទី១៣ ខែកក្កដា ដោយមានព្រះសង្ឃពុទ្ធបរិស័ទនិមន្តអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីដង្ហែទៀនព្រះវស្សានេះ ទៅកាន់គ្រប់វត្តទាំងអស់ ទូទាំងរាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំ តាមគន្លងប្រពៃណីរបស់ព្រះពុទ្ធសាសនា ។
ឆ្លៀតក្នុងឱកាសនោះ លោកបានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើន ជាពិសេសពុទ្ធបរិស័ទ មានជីវភាពធូរធារ បានចូលរួមកសាងទីវត្តអារ៉ាម ឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។
លោកអភិបាល បានបន្តថា សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទំាងអស់ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលរបស់ជាតិយើង ឲ្យបានគង់វង្សសម្រាប់ប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខក្សេមក្សាន្ត។
ក្នុងនោះ លោកអភិបាលរាជធានី ក៏បានផ្តល់អំណោយដល់យាយជីតាជី ចំនួន ៥០នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល និងក្រណាត់ស១ដុំ សិស្សនិស្សិត ស្នាក់នៅក្នុងវត្ត ចំនួន ៩៥នាក់ អង្ករ ១តោន និងម្នាក់ៗ ២ម៉ឺនរៀល ។
ទៀនវស្សា ប្រេងកាត និងទេយ្យវត្ថុ ដែលបានប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តចំនួន១៥០វត្តនេះ ក្នុងមួយវត្តៗ ទទួលបានបច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេងមួយកាន ចំណុះ៣០លីត្រ ស្ករស១បាវទម្ងន់២៥គីឡួក្រាម ទឹកដោះគោចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងពិធីបុណ្យចូលកាន់ព្រះវស្សានេះ នឹងត្រូវធ្វើឡើង ក្នុងរយៈពេល៣ខែ ដោយចាប់ពីថ្ងៃ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ហើយក្នុងរយៈពេលនេះ ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ ដូចនេះ ទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃ គឺជាការចាំបាច់បំផុត ជាទានដ៏ប្រពៃទទួលបាននូវបុណ្យកុសលពេញ ដោយបរិបូរណ៍តាមជំនឿ។
បច្ចុប្បន្នទូទាំងរាជធានីភ្នំពេញមានវត្តចំនួន១៥០វត្ត មានព្រះសង្ឃជាង៨២៤៩អង្គ ទាំងមហានិកាយ និងធម្មយុត្តិកនិកាយ៕ ដោយ៖កូឡាប