ស្រុកព្រៃនប់៖មានគ្រោះថ្នាក់ចរាចររវាងរថយន្តដឹកកុងតឺន័រ បុកប៉ះជាមួយម៉ូតូ២គ្រឿង នៅផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៩-២១០ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខាងលិចផ្លូវបំបែកចូលទៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ វេលាម៉ោងជាង៣និង៣០នាទីរសៀល ថ្ងៃ១៤ កក្កដា ២០១៩ បណ្តាលឲ្យមានបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងបានស្លាប់នៅនឹងកន្លែង និងបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងទៀត រងរបួសធ្ងន់។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូ ១គ្រឿង ម៉ាក EXCITER ពណ៌ខ្មៅ គ្មានផ្លាកលេខ មានទិសដៅខេត្តព្រះសីហនុទៅភ្នំពេញ បើករដោយឈ្មោះ សែន ប៊ុនថន ភេទប្រុស អាយុ មានទីលំនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកដល់ចំណុចខាងលើម៉ូតូបានវ៉ាជែង ហើយទាក់ដៃចង្កូតជាមួយម៉ូតូ ១គ្រឿងទៀត ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត 1L-5678 មានទិសដៅស្របគ្នា បើកបរដោយឈ្មោះ សែម សាមេន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិស្រូវក្រោម ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បណ្តាលឲ្យអ្នកបើកបរម៉ូតូ HONDA-DREAM ដួលធ្លាក់លើផ្លូវ ស្របពេលនោះក៏មានរថយន្ត កុងតឺន័រ១គ្រឿងម៉ាក STERLING ពណ៌ត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ 3C-3294 មានទិសដៅស្របគ្នាមកពីក្រោយ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) បានបុកកិនពីលើអ្នកបើកបរម៉ូតូ HONDA-DREAM រួចជ្រុលល្បឿនទៅកិនពីលើម៉ូតូ EXCITER បន្តទៀត ។ ដោយឡែកអ្នកបើកបររថយន្ត STERLING បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
គ្រោះថ្នាក់ចរាចរខាងលើនេះ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ ៖ ១. ឈ្មោះ សែម សាមេន អ្នកបើកបរម៉ូតូ HONDA-DREAM ស្លាប់នៅនឹងកន្លែងកើតហេតុ និង២. ឈ្មោះ សែន ប៊ុនថន អ្នកបើកបរម៉ូតូ EXCITER របួសធ្ងន់ ។
បច្ចុប្បន្ន សាកសព ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួស បានបញ្ជូនមកព្យាបាលនៅគ្លីនិចឯកជន ៨៨៨ ក្នុងក្រុងព្រះសីហនុ រីឯវត្ថុតាងរថយន្ត និងម៉ូតូទាំងពីរ យកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ដោយ៖ស្រីនាថ