ប្រធានាធិបតីអ៊ីរ៉ង Hassan Rouhani បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា អ៊ីរ៉ងត្រៀមខ្លួនរួចជាស្រេចដើម្បីចរចា ប្រសិនជាអាមេរិចដកទណ្ឌកម្មប្រឆាំងខ្លួនសិន។
“ពួកយើងតែងត្រៀមខ្លួនជាស្រេចដើម្បីការចរចា។ ខ្ញុំសូមប្រាប់នេះនៅម៉ោងនេះ ពេលនេះឲ្យបោះបង់ចោលការធ្វើបាបយើង និងដកទណ្ឌកម្មចេញ និងវិលត្រឡប់ទៅកាន់ភាពសមហេតុផល។ ពួកយើងត្រៀមខ្លួនរួចហើយ”។ នេះបើតាមការបញ្ជាក់របស់លោក Hassan Rouhani។
មេដឹកនាំប្រទេសហត្ថលេខីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ងឆ្នាំ ២០១៥ រួមមាន បារាំង អង់គ្លេស និងអាឡឺម៉ង បានសម្តែងការព្រួយបារម្ភខ្លាំង ពីអំពីការកើនឡើងភាពតានតឹង នៅក្នុងតំបន់ ដែលពួកគេបានថ្លែងថា វាអាចនឹងធ្វើឲ្យកិច្ចព្រមព្រៀងនោះ ស្ថិតក្នុងភាពគ្រោះថ្នាក់ ប្រសិនជាភាគីពាក់ព័ន្ធមិនចូលរួមតុចរចា។
សូមរំលឹកថា កាលពីខែឧសភា ឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញដោយឯកតោភាគី ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងបានចាប់ផ្តើមដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង។ នៅថ្ងៃទី ៨ ខែឧសភា កន្លងទៅនេះ អ៊ីរ៉ងបានឈប់អនុវត្តន៍ការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀង និងបានកំណត់ពេល ៦០ថ្ងៃដល់ប្រទេសនៅអឺរ៉ុបឲ្យជួយខ្លួនឲ្យទទួលទទួលបានផលសេដ្ឋកិច្ច នៃកិច្ចព្រមព្រៀងនោះ។
នៅថ្ងៃទី ៧ ខែកក្កដានេះ ដែលជាថ្ងៃផុតកំណត់ការប្រកាសរបស់អ៊ីរ៉ង អនុរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង លោក Seyed Abbas Araghchi បានប្រកាសថា អ៊ីរ៉ងបានត្រៀមខ្លួនបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញូមឲ្យលើសកម្រិត ហើយអ៊ីរ៉ងប្រកាសថា ខ្លួននឹងបន្តបោះបង់ចោលការប្តេជ្ញាចិត្តរបស់ខ្លួន ជាបន្តបន្ទាប់ ក្នុងរយៈពេលរៀងរាល់ ៦០ថ្ងៃ៕ អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ / ប្រភព៖ Xinhua