ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង ៨ និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ មានរថយន្តដឹកទំនិញ មួយគ្រឿងរអិលធ្លាក់ផ្លូវដោយខ្លួនឯង។
សមត្ថកិច្ចនគរបាលបន្តថា រថយន្តដឹកទំនិញជួបគ្រោះថ្នាក់ចរាចរ ១គ្រឿងនេះ ម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ ៣A ៤០០០ បើកបរដោយឈ្មោះ ប៉ិច រដ្ឋមុន្នី ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ រថយន្តនេះ បានបើកបរក្នុងទិសដៅពីខេត្តកំពត ឆ្ពោះទៅខេត្តកោះកុង ហើយបានរអិលធ្លាក់ផ្លូវ នៅចំណុចកើតហេតុខាងលើ ដោយបានបើកបុករនាំងដែកការពារសុវត្ថិភាពអមតាមដងផ្លូវខូចខាតអស់ចំនួន ៤ផ្ទាំង។
គ្រោះថ្នាក់ចរាចរនេះ បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាល បង្ហាញថា
មូលរហតុ កើតមានគ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីមេឃភ្លៀង ហើយស្ថានភាពផ្លូវរអិល រថយន្តជាន់ហ្វ្រាំងពុំស៊ី ប៉ុន្តែគ្រោះថ្នាក់នេះ មិនឲ្យមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតនោះទេ។
ផ្តើមពីបញ្ហានេះ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកោះកុង បានរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលបើកបរតាមផ្លូវឆ្ពោះមកខេត្តកោះកុង ហើយមានភ្លៀងធ្លាក់ គឺត្រូវប្រុងប្រយ័ត្នជាប្រចាំ និងបើកបរក្នុងល្បឿនយឺតៗ ព្រោះស្ថានភាពផ្លូវពេលមានភ្លៀងធ្លាក់រអិលខ្លាំង៕ ដោយ៖ ដែន សីមា