ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការវាស់វែង និងការកំណត់ព្រំដី ក្នុងបឹងជើងឯក ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្ក រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានី បានណែនាំឲ្យពលរដ្ឋ ដែលមានដីក្នុងផ្ទៃបឹងជើងឯក ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីបញ្ចប់ការចុះវាស់វែង និងកំណត់ព្រំដី ឲ្យបានច្បាស់លាស់ ដោយទុកពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្តដា ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងក្បាលដីដែល ស្ថិតនៅក្នុងផ្ទៃបឹងជើងឯក ភូមិសាស្ត្រ ខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញជ្រាបថា ក្រុមការងារបច្ចេកទេសចុះវាស់វែង និងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯក នៃគណៈកម្មការដឹកនាំអនុវត្តន៍លិខិតលេខ ៧៤៩សជណ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បាននិងកំពុងចុះវាស់វែង និងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯក ចាប់តាំងពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១.ចុះស្វែងរកចំណុចព្រំដីទំហំ ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍន៍ និងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់នៅលើផ្ទៃដីទំហំ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់ អភិវឌ្ឍន៍។
២.ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯកទំហំ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។
៣. ចុះសិក្សានិងវាស់វែងកំណត់និយាមកាបណ្តាញហេដ្ឋារចនាសម្ព័ន្ធទៅកាន់ទីតាំងបឹងជើងឯក។
មកទល់បច្ចុប្បន្ន ការងារចុះវាស់វែង និងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯក ខាងលើស្ទើតែបញ្ចប់ទាំងស្រុង ប៉ុន្តែដោយពិនិត្យឃើញថា ម្ចាស់ក្បាលដីពាក់ព័ន្ធមួយចំនួននៅមិនទាន់បានផ្តល់កិច្ចសហការនោះ ក្រុមការងារនឹងទុករយៈពេល៣០ថ្ងៃទៀត គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ជាកំហិត ។
សាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងដីធ្លី ក្នុងតំបន់បឹងជើងឯក ដែលនៅសេសសល់សូមអញ្ជើញរួសរាន់ចូលរួមសហការ ឲ្យបានទាន់ពេលវេលា។ ផុតថ្ងៃឱសានវាទខាងលើ ក្រុមការងារនឹងមិនទទួលវាស់វែងឬដោះស្រាយសំណូមពរណាមួយឡើយ៕ ដោយ៖កូឡាប