…ព្រោះថា នៅក្នុងខួរក្បាលសថ្លា និងក្មេងខ្ចីរបស់ពួកគេពោរពេញដោយសុបិន្ត ការស្រមើស្រមៃ។ល។ ដែលទាមទារឲ្យអ្នកគ្រូត្រូវប្រុងប្រយ័ត្នពិនិត្យវាយតម្លៃឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត។ ខាងក្រោមនេះ គឺជារឿងជាក់ស្តែងមួយ។
ក្នុងថ្នាក់រៀនមួយអ្នកគ្រូដើរចូលមកថ្នាក់ សិស្សៗនាំគ្នាក្រោកឈរគោរព។ អ្នកគ្រូពោលថា ៖ ប្អូនៗបានរៀនលេខចែកហើយ កាលពីសប្តាហ៍មុន ប្រហែលជាប្អូនៗយល់អស់ហើយមែនទេ?។ អ្នកគ្រូកាន់ដីស ដើរសម្តៅក្ការខៀន រួចសរសេរលេខ ៨ធំៗ បន្ទាប់មកក៏ងាកសួរទៅកាន់សិស្សទាំងអស់ថា ៖” តើពាក់កណ្តាលរបស់ ៨ ស្មើប៉ុន្មានទៅ?។
ក្មេងៗនាំគ្នាលើកដៃច្រូងច្រាង ខ្លះទៀតទ្រាំលែងបានក៏ស្រែក គឺ ៤ អ្នគ្រូៗ! អ្នកគ្រូពិតជាត្រេកអរ ប៉ុន្តែដោយចៃដន្យ បានគ្រវាសភ្នែកឃើញសិស្សម្នាក់អង្គុយនៅកៅអីជួរក្រោយគេ បើកភ្នែកឡេងឡង់ ដោយពុំព្រមលើកដៃ។
ឃើញបែបនេះអ្នកគ្រូក៏ដើរទៅក្បែរសិស្សរូបនោះ ហើយសួរថា “តើប្អូនមិនដឹងថា ពាក់កណ្តាលរបស់ ៨ ស្មើនឹងប៉ុន្មានមែនទេ?” ។ ក្មេងនោះមានអាការៈភ័យខ្លាច រួចឆ្លើយទាំងរដាក់រដុបថា “បាទអ្នកគ្រូប្អូនពិតជាពុំយល់ថា ហេតុអ្វីបានជាពាក់កណ្តាល ៨ បែរជា ៤ទៅវិញនោះ?។
ថ្នាក់រៀនទាំងមូលលាន់ឮសំឡេងកោកកាក សំខាន់គឺការបន្ទោសបង្អាប់ពីសំណាក់មិត្តរួមថ្នាក់ចំពោះក្មេងនោះ។ ឃើញបែបនេះ អ្នកគ្រូស្រែកសុំឲ្យសិស្សដទៃទៀត រក្សាសណ្តាប់ធ្នាប់ ហើយស្ងៀមស្ងាត់ អ្នកគ្រូក៏បែរមកកាន់សិស្សនោះហើយថា “តាមប្អូនវិញតើវាស្មើប៉ុន្មានទៅ?”។
សិស្សរូបនេះក៏ដើរយឺតៗសំដៅទៅក្តារខៀន រួចយកដៃម្ខាងទៅបិទរង្វង់មូលខាងលើនៃលេខ ៨ ហើយងាកមកកាន់អ្នកគ្រូឆ្លើយថា ៖ គឺស្មើសូន្យអ្នកគ្រូ! សិស្ស១ថ្នាក់ រួមទាំងអ្នកគ្រូផង ពិតជាស្រឡាំងកាំងណាស់ចំពោះចម្លើយនេះ។ ក្មេងរូបនោះបន្តយកដៃម្ខាងទៅបិទពាក់កណ្តាលលេខ៨ ផ្នែកខាងឆ្វេង រួចពោលទៅកាន់អ្នកគ្រូថា ៖ “ឥឡូវនេះ គឺវាស្មើនឹង ៣!”។
ពិតណាស់! តបនឹងសំណូរថា ៖ “ពាក់កណ្តាល ៨ ស្មើប៉ុន្មាន?” នោះកាយវិការខាងលើរបស់ក្មេងនេះ គឺជាចម្លើយត្រឹមត្រូវមិនអាចប្រកែកបាន ៖ ស្មើសូន្យ ឬស្មើនឹង ៣។
អ្នកគ្រូសម្រួលអារម្មណ៍មកធម្មតា ហើយពោលទៅកាន់សិស្សទាំងអស់ថា ចម្លើយនេះពិតជាអស្ចារ្យណាស់! ប្អូនប្រុសនេះ បានជួយឲ្យពួកយើងទទួលបាននូវចម្លើយបន្ថែម។ និយាយចប់អ្នកគ្រូក៏យកកូនឃ្លី ៨គ្រាប់ចេញមក រួចពោលទៅកាន់សិស្សរូបនោះថា ប្អូនយកឃ្លីនេះទៅរាប់មើលតើមានប៉ុន្មាន?។ ក្រោយពីរាប់រួចក៏ឆ្លើយប្រាប់អ្នកគ្រូថា មាន៨គ្រាប់។ អ្នកគ្រូបន្តសួរ ក៏យកដៃគ្រាប់ឃ្លី ៤ មកលាក់ទុកក្រោយខ្នង រួចសួរថា តើឥឡូវនេះវានៅសល់ប៉ុន្មាន?។ ស្រាប់តែក្មេងរូបនេះសម្តែងការត្រេកអរ រួចឆ្លើយខ្លាំងៗថា “ខ្ញុំយល់ហើយ! ពាក់កណ្តាលរបស់៨ ក៏ជា៤ដែរ មែនទេអ្នកគ្រូ!”។
រឿងខាងលើជាការដាសតឿនមួយដល់លោកគ្រូអ្នកគ្រូនៅថ្នាក់បឋមសិក្សា ចាំបាច់ត្រូវមានចិត្តសាស្ត្រស៊ីជម្រៅ ភាពទន់ភ្លន់ ដើម្បីយល់ពីសិស្សក្មេងៗទាំងនោះ ព្រមទាំងគប្បីលើក តម្កើងឯករាជ្យភាពនូវខួរក្បាលរបស់ពួកគេ៕ សូយន