ខេត្តត្បូងឃ្មុំ: ក្រោមកិច្ចសហការពីសំណាក់កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំជាមួយនឹងកម្លាំងជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានស្រាវជ្រាវយកចិត្តទុកដាក់តាមបំបែកករណីបង្ខាំងមនុស្សនិងជម្រិតទារប្រាក់លើជនរងគ្រោះចំនួនពីរនាក់នៅចំណុចឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ទីបំផុតបានចាប់ជនសង្ស័យចំនួនពីរនាក់ប្រគល់មកឱ្យម្ចាស់ករណីនៅមូលដ្ឋានដើម្បីចាត់ការបន្ត។ នេះគឺជាករណីចាប់ជម្រិតដែលកម្រកើតឡើងនាពេលកន្លងទៅក្នុងភូមិសាស្ត្រស្រុកជាប់នឹងព្រំដែនវៀតណាម។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនារសៀលថ្ងៃទី១៤កញ្ញាឆ្នាំ២០២៥ថា:
ក្រោយពីទទួលបានព័ត៌មានពីកម្លាំងនគរបាលស្រុកពញាក្រែក លោកឧត្តមសេនីយ៍ទោចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រីចក់ សុខកៅ ស្នងការរងទទួលផែនព្រហ្មទណ្ឌដឹកនាំកម្លាំងក្រោមឱវាទព្រមទាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រចុះដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនិងសួរនាំជនរងគ្រោះ។
សមត្ថកិច្ចមូលដ្ឋានបានរំលឹកថា កាលពីថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៣ និង៣០នាទី នៅចំណុច បន្ទប់លេខ121-122 ក្នុងទីតាំងឈ្មោះជី យៀនរីស៊ត ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងកម្លាំងផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ។
ដោយមានកាសម្របសម្រួលនិងដឹកនាំនីតិវិធី ពីលោកកែវ ភក្តី ព្រះរាជអាជ្ញារង
សាលាដំបូងខេត្ត។ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានកំណត់
អត្តសញ្ញាណជនសង្ស័យ៖
១-ឈ្មោះXIE CHENGPING (ស៊ា ឈិនពីង) ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន (ចាប់ខ្លួន) ។
២-ឈ្មោះLUO DEYUAN (ឡៅ ទីយាន) ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន (ចាប់ខ្លួន)ទាំង២នាក់ស្នាក់ នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះវិញ
៖១-ឈ្មោះNGAN THI KE (ង៉ាន់ ធីកេ)ភេទ ស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម។
២-ឈ្មោះHONG TRANG (ហុង ត្រាង)ភេទ ស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម ទាំង២នាក់ ស្នាក់នៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។ អំពីអង្គហេតុ៖
-នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៣ និង៣០នាទី មានក្រុមជនសង្ស័យ (ជាជនជាតិចិន) ចំនួន១ក្រុមបានធ្វើសកម្មភាព ចាប់ជនរងគ្រោះចំនួន២នាក់
១-ឈ្មោះNGAN THI KE (ង៉ាន់ ធីកេ)ភេទ ស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម។
២-ឈ្មោះ HONG TRANG (ហុង ត្រាង)ភេទ ស្រី អាយុ៣៣ឆ្នាំ (ជនជាតិវៀតណាម) ដាក់ចូលក្នុង វ៉ាលីរួចលើកចូលក្នុងរថយន្ត ចេញពីទីតាំងឈ្មោះជី យៀន រីស៊ត បន្ទប់លេខ121-122 ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
-ក្រោយហេតុការណ៍កើតឡើង កម្លាំងជំនាញ បានធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមនីតិវិធីជំនាញ។
លុះនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១ និង២០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយជួយសង្រ្គោះជនរងគ្រោះចំនួន២នាក់ខាងលើ នៅចំណុចផ្ទះលេខ៤៧ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលត្រូវបានក្រុមជនសង្ស័យដាក់ខ្នោះដៃ និងខ្នោះជេីង ធ្វើការបង្ខាំងទុកជម្រិតទារប្រាក់ នៅក្នុង បន្ទប់ទឹក ក្នុងផ្ទះលេខ៤៧ខាងលេី អាចចាត់ទុកជាសំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់ដោយជនរងគ្រោះខំប្រឹងរើបម្រាស់ទាំងជាប់ខ្នោះដៃខ្នោះជើងទីបំផុតបានប្រើប្រាស់បច្ចេកទេសមួយនឹកស្មានមិនដល់អាចដោះខ្នោះដៃនិងខ្នោះជើងបានហើយរាយការណ៍បន្ទាន់មកសមត្ថកិច្ចមូលដ្ឋាន។
រហូតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់រួមមាន៖
១-ឈ្មោះ XIE CHENGPING (ស៊ា ឈិនភីង) ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន។
២-ឈ្មោះ LUO DEYUAN (ឡៅ ទីយាន) ភេទប្រុស អាយុ៥១ឆ្នាំ (ជនជាតិចិន)ចាប់ខ្លួនបាននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ បន្ទាប់មកនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១ និង០០នាទី កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ(ជនជាតិចិន) ទាំង២នាក់ និងវត្ថុតាង ជូនកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបំពេញសំណុំរឿង តាមនីតិវិធី។
មូលហេតុ: (ត្រូវការប្រាក់)។
អំពីវត្ថុតាង និងវត្ថុចាប់យក៖
១/ទូរស័ព្ទដៃចំនួន៤គ្រឿង៖
ទី១.ម៉ាកIphone 13promax ពណ៌ស
ទី២.ម៉ាក OPPO ពណ៌ទឹក សណ្ដែក
ទី៣.ម៉ាក Redmi ពណ៌ខ្មៅ,និងទី៤.ម៉ាក TECHNO ពណ៌ខ្មៅ
២/កាតមួយចំនួន
៣/លិខិតឆ្លងដែន១ក្បាល
បច្ចុប្បន្នជនល្មើសត្រូវបានឃាត់ខ្លួន និងវត្ថុតាងត្រូវបានដកហូត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមច្បាប់។ មហាជនបាននាំគ្នាកោតសរសើរដល់កម្លាំងសមត្ថកិច្ចដែលបានតាមបំបែកសំណុំរឿងចាប់ឧក្រិដ្ឋជនរត់គេចពីត្បូងឃ្មុំដល់ភ្នំពេញ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី










