Sunday, May 22, 2022

គ្រោះ​ថា្នក់​ចរាចរ​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៦​នាក់​ ក្នុង​មួយថ្ងៃ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាង​ ៤០០​ លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តាំង​នាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​មានប្រសាសន៍ថា គ្រោះ​ថា្នក់​ចរាចរ​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៦​នាក់​ក្នុង​មួយថ្ងៃ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាង​៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ក្រុមហ៊ុន​មី​ឆែ​លីន និង​ក្រុមហ៊ុន​វើ​លដ៍​ប្រ៊ី​ជ ត្រេ​ឌី​ង ស្ដីពី​ការបង្កើន​សុវត្ថិភាព​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថា គ្រោះថ្នាក់​ទាំងនោះ​បណ្ដាលមកពី​កត្តា​ជាច្រើន​ដូចជា​៖ កត្តា​អ្នកបើកបរ កត្តា​យានយន្ត ការមិន​គោរព​ច្បាប់ និង​កត្តា​ផ្លូវ​ជាដើម​។

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ថា ក្រសួង​បាន​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​នៅតាម​ផ្លូវ​សំខាន់ៗ​មួយចំនួន ក្នុងករណី​បើកបរ​លើស​ល្បឿន​កំណត់ រថយន្ត​នោះ​នឹងត្រូវ​ផាកពិន័យ​ដល់ផ្ទះ​។​

​លោ​ក​ទេសរដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន យក​រថយន្ត​ទៅ​ឆៀក​ឱ្យបាន​តាម​ពេល​កំណត់ និង​បើកបរ​ដោយ​មិន​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។​

​លោក​ទេសរដ្ឋមន្ត្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​នេះ​នឹង​ជួយ​ជំ​រុញឱ្យ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ក្រុមហ៊ុន​មី​ឆែ​លីន និង​ក្រុមហ៊ុន​វើ​លដ៍​ប្រ៊ី​ជ ត្រេ​ឌី​ង ស្ដីពី​ការបង្កើន​សុវត្ថិភាព​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ពិធី​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក Segsam Trai-ukos អគ្គលេខាធិការ​ក្រុមហ៊ុន Michelin ROH Co., Ltd លោក​ឧកញ៉ា​សៀ រិទ្ធី ប្រធាន​ក្រុមហ៊ុន​វើ​លដ៍​ប្រ៊ី​ជ ត្រេ​ឌី​ង ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ផងដែរ​។​

​កម្មវិធី​នេះ​រៀបចំឡើង​ដើម្បី​បង្កើត​កិច្ចសហការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​គម្រោង “​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​ក្រុមហ៊ុន Michelin” ក៏ដូចជា​គាំទ្រ​ដល់​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជាតិ​កម្ពុជា​ផងដែរ​។

​សូមបញ្ជាក់ថា​៖ គម្រោង “​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​ក្រុមហ៊ុន Michelin” មាន​រយៈពេល​២​ឆ្នាំ ដែល​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ខាងមុខ ក្រោម​ការគាំទ្រ​ហិរញ្ញវត្ថុ ចំណេះធ្វើ និង​ជំនាញ​បច្ចេកទេស​ពី​ក្រុមហ៊ុន Michelin ROH សម្របសម្រួល​គម្រោង និង​ផ្ដល់​វិភាគទាន​ហិរញ្ញវត្ថុ​ដោយ​ក្រុមហ៊ុន WorldBridge​។ ដោយឡែក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​អ្នកផ្ដល់​ការគាំទ្រ​ពេញលេញ និង​អនុម័ត​ឱ្យ​អនុវត្ត​គម្រោង​នេះ​៕​ ​ដោយ​៖​កូ​ឡាប​