Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​គំរាមថា​នឹងធ្វើ​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​ឡើងវិញ ក្រោយ​អា​មេ​រិច​គ្រោង​ធ្វើ​សមយុទ្ធ​រួមជាមួយ​កូរ៉េខាងត្បូង​ឡើងវិញ​

​កូរ៉េខាងជើង​បានធ្វើកា​រ​ព្រមាន​ថា ខ្លួន​នឹងធ្វើ​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​ឡើងវិញ បន្ទាប់ពី​របប​នេះ​បាន​ចោទ​អា​មេ​រិច​ថា បាន​រំលោភ​ស្មារតី​នៃ​កិច្ចចរចារ ដោយ​អា​មេ​រិច​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ជាមួយនឹង​កូរ៉េខាងត្បូង​ឡើងវិញ​។​

​កូរ៉េខាងជើង​គំរាមថា ខ្លួន​នឹង​បំភ្លេច​ពាក្យសន្យា​ចោល ដែល​បានធ្វើការ​ប្តេជ្ញាចិត្ត​ជាមួយ​អា​មេ​រិច​ក្នុង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ចោល​។​

​នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃ​អង្គារ ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​និយាយថា សមយុទ្ធ​យោធា​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង​គឺជា​ការហាត់​សម​ដើម្បី​ធ្វើសង្គ្រាម ហើយ​វា​គឺជា​ការរំលោភ​ការសន្យា ដែល​បាន​ធ្វើឡើង​ក្នុងពេល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជួប​ជាមួយនឹង លោក​គីម ជុង​អ៊ុន​ក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ខែមិថុនា ឆ្នាំមុន ក្នង​ប្រទេស​សិង្ហ​បុរី​។​

​សេចក្តីប្រកាស​ថ្លែងថា “​ដោយសារ​អា​មេ​រិច​បំភ្លេច​សន្យា​ចោល​ជា​ឯកតោភាគី ពួកយើង​បាន​បាត់បង់​នូវ​ហេតុផល​ដែល​ត្រូវធ្វើ តាមរយៈ​ការប្តេជ្ញាចិត្ត​ដែល​ពួកយើង​បាន​សន្យា​ជាមួយ​អា​មេ​រិច​”​។​

​កូរ៉េខាងជើង​បាន​ថ្លែងថា “​សមយុទ្ធ​នោះ​ជាការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ធ្វើសង្គ្រាម​សំដៅ​លុកលុយ​ពួកយើង​។ ការផ្អាក​ការធ្វើ​សមយុទ្ធ​គឺជា​អ្វីដែល​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និង​អគ្គមេបញ្ជាការ​កងកម្លាំង​អា​មេ​រិច បាន​ប្តេជ្ញាចិត្ត​ចំពោះ​កូរ៉េខាងជើង កំឡុង​កិច្ចចរចារ​នៅ​សិង្ហ​បុរី ក្រោម​ក្រសែភ្នែក​របស់​ពិភពលោក​”​។​

​មន្ទីរ​បញ្ចា​កោណ​នៃ​ក្រសួងការពារជាតិ​អា​មេ​រិច បាន​បញ្ជាក់ថា សមយុទ្ធ​យោធា​ជាមួយនឹង​កូរ៉េខាងត្បូង​នឹងត្រូវ​ធ្វើឡើង​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ​។​

​សូម​រម្លឹកថា អា​មេ​រិច និង​សម្ព័ន្ធ​កូរ៉េខាងត្បូង បានធ្វើ​សមយុទ្ធ​រួមគ្នា​ជា​ទៀងទាត់ ប៉ុន្តែ​សមយុទ្ធ​នោះ​ត្រូវបាន​ព្យួរ ឬ​លុបចោល​ការធ្វើ​សមយុទ្ធ​រួមគ្នា​ជាច្រើន​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ជាមួយនឹង​ទីក្រុង​ព្យុងយ៉ាង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN​

×