Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​ ២១

​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​វិទ្យាស្ថាន KICT ដោយមាន​ការចូលរួម​មន្ត្រីជាន់ខ្ពស់​ក្រសួង និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​ការងារ​ស្តីពី​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​២​។​

​ថ្លែង​ទៅកាន់​ក្រុម​គណៈប្រតិភូ​វិទ្យាស្ថាន KICT នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ភាពមិនប្រក្រតី​មួយចំនួន​ទាក់ទង​នឹង​គុណភាព​ផ្លូវជាតិ​លេខ​២១ បន្ទាប់ពី​បាន​សាងសង់​រួចរាល់ និង​បាន​ណែ​នាំឱ្យ​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ត្រូវតែ​ធ្វើការ​ដោយ​ផ្ដោតលើ​គុណភាព​ជា​ចម្បង មុននឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បានស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​លើកឡើង​ពី​បញ្ហា​កង្វល់​របស់ខ្លួន និង​ផ្តល់​ធាតុ​ចូល​ទាក់ទង​នឹង​ភាពមិនប្រក្រតី​ទាំងនោះ ដើម្បី​ធ្វើ​ផែនការ​សកម្មភាព​ក្នុងការ​ជួសជុល កែតម្រូវ​ផ្លូវ​នេះ​ឱ្យមាន​គុណភាព​ទទួលយក​បាន និង​រឹងមាំ ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖ ក្រសួង​នឹង​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​តាមដាន​ការអនុវត្ត​ការជួសជុល​ផ្នែក​ខ្លះ​នៃ​កំណាត់​ផ្លូវជាតិ​លេខ​២១ ដែល​សាងសង់​មិន​ស្របតាម​លក្ខណៈ​បច្ចេកទេស ដោយ​ត្រង់ចំណុច​ដែល​បាន​ជួសជុល​រួច​មាន​ស្នាម​បែក ប្រេះ និង​សំបុកមាន់​ជាច្រើន​កន្លែង និង​បាន​កំពុង​ទទួលរង​ការខូចខាត​បណ្តើរៗ​។

​សូម​ជម្រាបជូន​ថា​៖ កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី​បាន​អញ្ជើញ​ជិះ​កង់​ចុះ​ពិនិត្យមើល​គុណភាព​ស្ថានភាព​សាងសង់​ផ្លូវជាតិ​លេខ​២១ ចាប់ពី​ពហុ​កីឡដ្ឋាន​ស្រុក​កោះធំ រហូតដល់​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន (​ព្រំប្រទល់​ប្រទេស​វៀតណាម​) ស្ថិតក្នុង​ស្រុក​កោះធំ ខេត្តកណ្ដាល ហើយ​បាន​ពិនិត្យឃើញ​ផ្នែក​ខ្លះ​នៃ​កំណាត់​ផ្លូវជាតិ​លេខ​២១ មាន​ស្នាម​បែក ប្រេះ និង​សំបុកមាន់​ជាច្រើន​កន្លែង​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បានស្នើ​ឱ្យ KICT ពិនិត្យ​លទ្ធភាព​ជួយផ្តល់​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ដើម្បី​ថ្លឹង​រថយន្ត​ដឹកទំនិញ​លើស​កម្រិត​កំណត់ ពិសេស​ថ្លឹង​រថយន្ត​ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ចរាចរណ៍​ចេញពី​ប្រទេស​វៀតណាម​ចូលមក​កាន់​ទឹកដី​កម្ពុជា ដោយសារ​ផ្លូវ​នេះ​មាន​លក្ខណៈ​តូចចង្អៀត មិនអាច​សាងសង់​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ម្ខាង​ផ្លូវ​ជាប់​ទន្លេបាសាក់​បាន​៕​ ដោយ​៖​កូ​ឡាប​

×