ខេត្តកោះកុង៖ មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា និងធ្វើឲ្យគ្រប់វត្តអារាម ក្នុងស្រុកមណ្ដលសីមា កាន់តែមានភាពសម្បូរសប្បាយរុងរឿងថែមទៀត នាថ្ងៃអនាគត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីដង្ហែទៀនព្រះវស្សា យកទៅប្រគេនព្រះសង្ឃចំនួន ៧វត្ត និងសាលាឆទានចំនួនមួយ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំនេះ បានចូលមកដល់។
ពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពុទ្ធបរិស័ទ មកពីគ្រប់ទិសទី ក្នុងស្រុកមណ្ដលសីមា បានចូលរួមផង ។
នាឱកាសនោះ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា មានប្រសាសន៍ថា ការប្រគេនទានព្រះវស្សាដល់ព្រះសង្ឃ គឺបានបុណ្យកុសលដល់ឧបាសកឧបាសិកាគ្រប់ៗរូប។ ហេតុដូចនេះហើយ ក្នងនាមយើងចាពុទ្ធបរិស័ទមិនអាចចោលបានទេ ចំពោះទានព្រះវស្សានេះ ហើយលោកតែងតែធ្វើពិធីនេះ ដើម្បីប្រគេនទៀនព្រះវស្សាជារៀងរាល់ឆ្នាំ។ ហើយថា ការប្រគេនទានព្រះវស្សានេះ គឺជាការគោរពបូជា និងគាំទ្រយ៉ាងពេញទំហឹងក្នុងពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ។ ដូចនេះយើងគ្រប់រូប នាំគ្នាធ្វើយ៉ាងណាឱ្យសាសនា របស់យើងឲ្យបានគង់វង្ស និងរីកចំរើនតទៅមុខទៀត។
លោក ហាក់ ឡេង បន្តថា ការនាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃនេះ អាចធ្វើទៅបានដោយយើងមិនអាចឃ្លាតឆ្ងាយពីសន្តិភាពបានទេ បើយើងគ្មានសន្តិភាពហើយបើស្ថិតនៅ ក្នុងរបបប៉ុលពតទៀត កុំថាឡើយសាសនាព្រះពុទ្ធ សាសនាអ្វីក៏គ្មានដែរ។ ដូច្នេះដោយសារតែមានសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន កម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឲ្យប្រទេសកម្ពុជា អាចកើតមានប្រពៃណីដ៏ស្រស់ផូផង់ របស់យើងឡើងវិញ។
ជាងនេះទៀត ក្រោមការដឹកនាំដ៏ឈ្លាវៃ របស់សម្តេច នេះហើយ ទើបធ្វើឲ្យយើងមានសន្តិភាព និងមានការអភិវឌ្ឍ ដែលកត្តាទាំងអស់នេះ បានឲ្យវិស័យព្រះពុទ្ធសាសនា និងវិស័យផ្សេងៗទៀត បានរីកចំរើនគ្រប់វិស័យ និងធ្វើឲ្យជីវភាពរបស់ប្រជាជនបានកាន់តែល្អប្រសើឡើង។
លោក ហាក់ ឡេង ឲ្យដឹងទៀតថា ការនាំយកទៀនព្រះវស្សា និងទេយ្យទានយកមកប្រគេនព្រះសង្ឃនៅពេលនេះ គឺដើម្បីជាការលើកស្ទួយឲ្យប្រជាពលរដ្ឋកាន់តែ យល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ឲ្យមានការប្រសើរឡើងក្នុងការធ្វើបុណ្យទាន និងចូលរួមចំណែក ការកសាងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រ ឲ្យបានរីកចម្រើនរុងរឿងផងដែរ៕ ដោយ៖ ដែន សីមា