Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី ថោង ខុន ណែនាំ​ដល់​អគ្គនាយក​រដ្ឋបាល និង​ប្រធាន​នាយកដ្ឋាន​ចំណុះ ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​

spot_img

​នា​រសៀល​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ​២០១៩ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០១៩ និង​ទិសដៅ​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០១៩ របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋ​លេខ​ធិ​ការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និង​ប្រធាន​នាយកដ្ឋាន ប្រមាណ​ជិត ១០០​នាក់​។​

​កិច្ច​ប្រជុំបាន​ឆ្លុះបញ្ចាំង​ទៅលើ​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត បញ្ហា​ប្រឈម ចំនុច​សេសសល់ និង​ការដាក់ចេញ​នូវ​ទិសដៅ​អនុវត្ត​បន្ត​អោយ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។ បន្ទាប់ពី​សេចក្តីរាយការណ៍​សង្ខេប​របស់​អគ្គនាយក​រដ្ឋ​បាល និង​ការ​ផ្តល់យោបល់​ណែនាំ​ល្អៗ​របស់​ថ្នាក់ដឹកនាំ​េ​ដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ​រួចមក លោក​ថោង ខុន បានផ្តល់​អនុសាសន៍​ណែនាំ​សំខាន់ៗ​សម្រាប់​អនុវត្ត​បន្ត​ដូចខាងក្រោម ​៖

១- នាយកដ្ឋាន​រដ្ឋបាល និង​កិច្ចការ​ទូទៅ​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង និង​ត្រួតពិនិត្យ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ចំណតរថយន្ត​ថ្នាក់ដឹកនាំ សួនច្បារ អនាម័យ បន្ទប់​ទឹកស្អាត និង​បរិស្ថាន​ស្អាត​នៅក្នុង​បរិវេន និង​អគារ​ទីស្តីការ​ក្រសួងទេសចរណ៍ អោយបាន​ល្អ​។ ទន្ទឹមនឹងនេះ ត្រូវ​ពង្រឹង​ការងាររដ្ឋបាល​-​របៀប គោចរ​លិខិត ការងារ​បូកសរុប ការងារ​ពិធីការ ការងារ​តម្កល់​ឯកសារ និង​បន្ត​កិច្ចសហការ​ជាមួយ​អង្គភាព​នានា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ សិក្ខាសាលា សន្និសីទ សន្និបាត និង​ព្រឹត្តិការណ៍​ទេសចរណ៍​សំខាន់ៗ​របស់​ក្រសួង​។​

២-​នាយកដ្ឋាន​គណនេយ្យ និង​ហិរញ្ញវត្ថុ​ត្រូវ​បន្ត​ពង្រឹង​ការងារ​គ្រប់គ្រង​ចំណូល​-​ចំណាយ និង​ការអនុវត្ត​ថវិកា​កម្មវិធី​របស់​ក្រសួង​អោយបាន​ល្អ​ពិសេស​យកចិត្តទុកដាក់​លើ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា និង​គម្រោង​ថវិកា​របស់​ក្រសួង​សម្រាប់​ឆ្នាំ​២០២០ ដែល​នឹងត្រូវ​ឡើង​ការពារ​កម្រិត​ថ្នាក់ដឹកនាំ​នៅ​ក្រសួង​សេដ្ឋកិច្ច​នាពេលខាងមុខ ហើយ​គម្រោង​ថវិកា​នេះ​ត្រូវ​ពិនិត្យ និង​ដាក់​ឆ្លង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ជាមុនសិន​។​

៣-​នាយកដ្ឋាន​សន្តិសុខ និង​សុវត្ថិភាព​ទេសចរ​ត្រូវ​ជំរុញ​បញ្ចប់ និង​ដាក់​ឆ្លង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង​សន្តិសុខ និង​សុវត្ថិភាព​ទេសចរ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ និង​សុវត្ថិភាព​ទេសចរ​ឆ្នាំ​២០១៩-២០២៣ ការធ្វើ​សៀវភៅ​ស្តីពី “​សន្តិសុខ​សុវត្ថិ​ភាពល្អ ទេសចរ​មាន​ភាពកក់ក្តៅ​” និង​ការធ្វើ​គោល​ការ​រណ៍​ណែនាំ​ស្តីពី​សន្តិសុខ សុវត្ថិភាព​សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ និង​ការចុះ​ត្រួតពិនិត្យ​។​

៤-​នាយកដ្ឋាន​ធនធានមនុស្ស​ត្រូវ​បន្ត​ពង្រឹង​ការងារ​គ្រប់គ្រង និង​បង្កើន​សមត្ថភាព​មន្ត្រីរាជកា​រទាំង​នៅ​ថ្នាក់កណ្តាល និង​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ពិសេស​ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​បណ្តុះបណ្តាល និង​នាយកដ្ឋាន​ជំនាញ ដើម្បី​រៀបចំ​ជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​សម្រាប់​ម​ន្ត្រី​រាជការ​អោយបាន​ជា​ក់លាក់ និង​ចំ​ជំនាញ​ពិតប្រាកដ​។ ជាងនេះទៀត នាយកដ្ឋាន​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ឆ្ពោះទៅ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​សមត្ថភាព​មន្ត្រី​នៅ​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ក្នុងនោះ ត្រូវ​សម្រេច​ដាក់ចេញ​នូវ​ប្រកាស​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​មន្ទី​រ​ទេសចរណ៍​រាជធានី​ខេត្ត​៕​ ដោយ ៖ កូឡាប

spot_img
×