ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា នាវាចំបាំងអាមេរិច USS Boxer បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ីរ៉ងមួយគ្រឿងដែលបានហោះមកជិតនាវាអាមេរិច ចំងាយជាង ៩០០ម៉ែត្រ។ នេះទំនងជាធ្វើឲ្យស្ថានភាពនៅតំបន់ រវាងអាមេរិច និងអ៊ីរ៉ងកាន់តែឡើងកម្តៅ។
ថ្លែងនៅសេតវិមាន លោកដូណាល់ ត្រាំ បញ្ជាក់ថា យន្តហោះដ្រូននោះបានគំរាមកំហែងដល់សុវត្ថិភាពនាវា និងកងកម្លាំងអាមេរិចនៅលើនាវា នៅច្រកសមុទ្រ Hormuz ហើយវាក៏ត្រូវបានកំទិចចោលភ្លាមៗ។
បើតាមមន្ត្រីក្រសួងការពារជាតិអាមេរិចបានឲ្យដឹងថា យន្តហោះដ្រូនរបស់អ៊ីរ៉ង ត្រូវបានបាញ់ទម្លាក់ដោយរ៉ាដាអេឡិចត្រូវនិចរបស់នាវាចំបាំង USS Boxer។
លោកត្រាំ លើកឡើងថា “នេះគឺជាសកម្មភាពបង្ករឿងដោយប្រទេសអ៊ីរ៉ងប្រឆាំងនឹងប្រតិបត្តិការនាវា នៅដែនទឹកអន្តរជាតិ”។
លោកបន្ថែមទៀតថា អាមេរិចមានសិទ្ធិការពារបុគ្គលិក សំភារៈ និងផលប្រយោជន៍របស់ពួកយើង និងបានស្នើឲ្យប្រទេសទាំងអស់ថ្កោលទោសអ៊ីរ៉ងដែលប៉ុនប៉ងរំខានដល់សេរីភាពនាវាចរ និងពាណិជ្ជកម្មពិភពលោក។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង លោក Mohammad Javad Zarif បានថ្លែងប្រាប់អ្នកសារពត៌មាននៅអង្គការសហប្រជាជាតិស្ថិតនៅទីក្រុង New York ថា” ពួកយើងមិនមានពត៌មានបាត់បង់យន្តហោះដ្រូននៅឡើយទេ”។
សូមរម្លឹកថា ទំនាក់ទំនងរវាងអាមេរិច និងអ៊ីរ៉ងបានល្អក់កករ ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៨មក នៅពេលទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ និងបានចាប់ផ្តើមដាក់ទណ្ឌកម្មលើរបបអ៊ីរ៉ង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN