នគរបាលស្រុកថ្មគោលនៅតែបន្តប្រមូលយកអ្នកលេងល្បែងស៊ីសង ដែលភាគច្រើនជាស្ត្រីមេផ្ទះអត់មានការងារ មកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីបញ្ឈប់ការលេងបៀតង។
កាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ ខែ កក្កដា ឆ្នាំ២០១៩អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានដឹកនាំបញ្ជាដល់កំលាំងផ្នែកជំនាញសហការណ៍ជាមួយកំលាំងប៉ុស្ដិ៍នគបាលរដ្ឋបាល បានចុះប្រមូលអ្នកលេងល្បែងស៊ីសងខុសច្បាប់(បៀតងនិងបៀស៊ីគូទឹក)នៅក្នុងមូលដ្ឋានឃុំតាពូង ឃុំអូរតាគី និងឃុំតាម៉ឺន ឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន០៩នាក់ ស្រីនិងដកហូតបានសម្ភារ:ភស្តុតាង មានសន្លឹកបៀមួយចំនួន។
នៅទីកន្លែងប្រព្រឹត្ត នគរបាលបានយកច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និងបញ្ហាមួយចំនួនទាក់ទងនឹងគោលនយោបាយស្តីពីភូមិ ឃុំមានសុវត្ថិភាពទៅបង្ហាញប្រាប់ពួកគាត់ផងដែរ ។ ករណីនេះអ្នកប្រព្រឹត្តត្រូវបាននគបាលស្រុកធ្វើការអប់រំនិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់រួច ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕ ដោយ៖កូឡាប