ប្រទេសអ៊ីរ៉ងបានធ្វើការចាប់កប៉ាល់ដឹកប្រេង ដែលមានដោតទង់ជាតិអង់គ្លេស នៅច្រកសមុទ្រ Hormuz។ សកម្មភាពរបស់អ៊ីរ៉ងនេះ ត្រូវបានរដ្ឋមន្រ្តីការប្រទេសអង់គ្លេស លោក Jeremy Hunt បានធ្វើការព្រមានថា នឹងមានផលវិបាកធ្ងន់ធ្ងន់ ប្រសិនអ៊ីរ៉ងមិនព្រមលែងកប៉ាល់នោះមកវិញ។
ម្ចាស់កប៉ាល់ដឹកប្រេង Stena Impero បាននិយាយថា ពួកគេមិនអាចធ្វើការទាក់ទងកប៉ាល់ពួកគេបាននោះទេ។ នៅលើកប៉ាល់ដឹកប្រេងនោះមានមនុស្សចំនួន ២៣នាក់។
រដ្ឋមន្រ្តីការបរទេសអង់គ្លេស បានថ្លែងថា កប៉ាល់ដឹកប្រេងមួយគ្រឿងនោះ ត្រូវបានឡោមព័ទ្ធដោយកប៉ាល់ចំនួន ៤គ្រឿង និងឧទ្ធម្ភាគចក្រ។
អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បានថ្លែងប្រាប់ BBC ថា រដ្ឋាភិបាលមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាព ដែលមិនអាចទទួលយកបានរបស់អ៊ីរ៉ង ហើយវាបង្ហាញច្បាស់ថា ជាបញ្ហាប្រឈមទៅដល់សេរីភាពនៃការធ្វើនាវាចរអន្តរជាតិ។
អ្នកនាំពាក្យបានលើកឡើងថា “ពួកយើងបានស្នើឲ្យកប៉ាល់អង់គ្លេស ទាំងអស់ ឲ្យចេញឲ្យឆ្ងាញពីតំបន់នោះ បណ្តោះអាសន្នសិន”។
លោក Jeremy Hunt បញ្ជាក់ថា ការចាប់កប៉ាល់អង់គ្លេស គឺមិនអាចទទួលយកបានទាំងស្រុង ហើយសេរីភាពនាវាចរត្រូវតែរក្សា។
លោកលើកឡើងថា ”ពួកយើងច្បាស់ថា ប្រសិនជាស្ថានភាពនេះមិនត្រូវបានដោះស្រាយឲ្យបានលឿននោះទេ វានឹងមានផលវិបាកធ្ងន់ធ្ងរ។ ពួកយើងមិនយកជម្រើសយោធាមកដោះស្រាយនោះទេ តែពួកយើងនឹងមើលទៅលើវិធីការទូត ដើម្បីដោះស្រាយបញ្ហានោះ ប៉ុន្តែពួកយើងច្បាស់ថា វាត្រូវតែដោះស្រាយបាន”។
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង បានឲ្យដឹងថា កប៉ាល់ដឹកប្រេងអង់គ្លេសឈ្មោះ Stena Impero ត្រូវបានចាប់ដោយកងកម្លាំងបដិវត្តន៍អ៊ីរ៉ង។ សកម្មភាពអ៊ីរ៉ងនេះ នឹងធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែក្តៅខ្លាំង។
សូមបញ្ជាក់ថា កប៉ាល់ដឹកប្រេង Stena Impero ធ្វើនាវាចរក្រោមទង់ជាតិអង់គ្លេស ហើយកប៉ាល់នេះត្រូវបានចុះបញ្ជីនៅទីក្រុងឡុង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC