Tuesday, May 24, 2022

Lumiere Residence ៖ ​សំណង់​ស្ថាបត្យកម្ម ដ៏​ថ្មីស្រឡាង និង​ទាក់ទាញ​បំផុត របស់​ប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃទី ២១ ខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុន​Lumiere Hospitality (LH) បានប្រកាស​ជា​សាធារណៈ បើកសម្ពោធ​ជា​ផ្លូវការ​នូវ​គម្រោង​ទី​ពីរ​របស់ខ្លួន​ដែលមាន​ឈ្មោះថា Lumiere Residence ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​បដិសណ្ឋារកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​ប្រកបដោយ​កិត្យានុភាព​។​

ពិធី​សម្ពោធ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម ក្រោម​គណ​អ​ធីប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្តកណ្តាល អមដោយលោកស្រី Celine Quek ជា​សហ​ស្ថាបនិក និង​ជានា​យក​គ្រប់គ្រង​របស់​ក្រុមហ៊ុន LH លោក Alan Wong ជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ និង​លោក ហ៊​ង ភាព ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន LH ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

បន្ថែម​ទៅលើ​ពី​ធី​កាត់​ខ្សែបូ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ដោយ លោក ហ៊​ង ភាព បន្ទាប់មក​ថ្លែង​សុន្ទរកថា​ដោយ​លោកស្រី Quek និង​ការ​ថ្លែង​សន្ទរកថា​ចំណាប់អារម្មណ៍​ដោយ​ឯកឧត្តម គីម រិទ្ធី​។

ការបើក​សម្ពោធ​នេះ​បង្ហាញ​ពី ការបញ្ចប់​នៃ​ការសាងសង់​សំណង់​អាគារ​ទាំងមូល ដែល​បាន​អនុលោម​គ្រប់​ផែនការ​ទាំងអស់​របស់​ម្ចាស់​គម្រោង ដែល​បាន​ចូលរួម​សាង់សង់​ដោយ​ស្ថាបត្យករ​ដ៏​ជំនាញ​និង​អ្នកបច្ចេកទេស​ដ៏​ពូកែ​ជាច្រើន​នាក់​។​

លោកស្រី Celine Quek នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Lumiere Hospitality មានប្រសាសន៍ថា “​យើង​ចង់​បង្កើត​គម្រោង​មួយ​ដែល​មានគុណ​ភាពល្អ​បំផុត ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​មោទនភាព ហើយ​ក្លាយជា​គម្រោង​ដ៏​ទាក់ទាញ​បំផុត​របស់​ប្រទេស​កម្ពុជា​” ។ លោកស្រី​បាន​បន្ថែមទៀតថា “​ក្រៅពី​ការធ្វើ​ឲ្យ​ខ្លួន​យើង​ក្លាយជា​អ្នកដើរតួ​យ៉ាងសំខាន់​មួយ​នៅក្នុង​ទីផ្សារ​កម្ពុជា យើង​ក៏មាន​មោទនភាព​ផងដែរ ក្នុងការ​ចូលរួម​ជា​ចំណែក​មួយ នៃ​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ឲ្យ​កាន់តែ​រីកចម្រើន​”​។ បច្ចុប្បន្ន ក្រុមហ៊ុន LH យើង​មាន​សណ្ឋាគារ​ចំនួន ពីរ​នៅ​រាជធានី​ភ្នំពេញ គឺ​សណ្ឋាគារ Lumiere Hotel និង Lumiere Residence ។​

Lumiere Residence ជា​អគារ​ស្នាក់នៅ​បែប​ទំនើប (Apartment) ដែល​រំលេច​រូបរាង​យ៉ាង​ទាន់សម័យ បង្ក​ភាពងាយស្រួល តម្លៃ​សមគួរ ហើយ​មាន​ផាសុកភាព សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ សំណង់​ស្ថាបត្យកម្ម​ដែល​បានឈ្នះ​ពានរង្វាន់​មួយ​នេះ ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ចំពោះ​ការ​រចនា​ដ៏​ល្អ​ឯក​ទាំង​ផ្នែក​ខាងក្រៅ​និង​ផ្នែក​ខាងក្នុង​។​

Lumiere Residence មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ កៀក​នឹង​តំបន់​មជ្ឍមណ្ឌល​ពានិជ្ជកម្ម ផ្សារ​ទំនើប សាលា​អន្តរជាតិ ផ្សារ មន្ទីរពេទ្យ ភោជនីយដ្ឋាន ការិយាល័យ​រដ្ឋាភិបាល ស្ថានទូត ធនាគារ និង​មាន​អគារ​ជាច្រើន​ទៀត​។ បើ​យើង​ធ្វើដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ចំណាយពេល​តិចជាង ៣០ នាទី ហើយ​បើ​ធ្វើដំណើរ​ទៅ​តំបន់​មាត់ទន្លេ​ដ៏​ល្បីល្បាញ​វិញ ចំណាយពេល​ត្រឹមតែ​១៥​នាទី​ប៉ុណ្ណោះ​។​

អតិថិជន​ជាច្រើន​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ថា Lumiere Residence គឺជា​ឋានសួគ៌​ដ៏​មាន​ផាសុកភាព​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​ទីក្រុង​ដែលមាន​មនុស្ស​រស់នៅ​យ៉ាងច្រើន​កុះករ​។ Lumiere Residence ផ្ដោត​សំខាន់​ទៅលើ​សេវាកម្ម​លក្ខណៈ​ផ្ទាល់ខ្លួន និង​មាន​ភាព​ម៉ត់ចត់ ដែល​នឹង​ផ្តល់​បទពិសោធន៍​ស្នាក់នៅ លំដាប់​ពិភពលោក​ជូន​ដល់​អតិថិជន​។​

លោកស្រី Celine Quek ជានា​យក​គ្រប់គ្រង​របស់ Lumiere Hospitality បន្ថែមទៀតថា “​រចនាបថ​ទាំងអស់​ត្រូវបាន​បង្កើត​ឡើង​សម្រប​ទៅតាម​អតិថិជន​ដែល​ធ្វើដំណើរ​បែប​ធុរកិច្ច​។ ពួកយើង​គិត​អំពី ភាពងាយស្រួល និង​ភាពកក់ក្តៅ ពីព្រោះ​ពួកយើង​ចង់​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ធូរស្រាល​ក្នុងអំឡុងពេល​ធ្វើដំណើរ​បែប​ធុរកិច្ច​របស់ខ្លួន ស្រប​ជាមួយនឹង​ភាពសប្បាយ​រីករាយ​នៃ​បរិយាកាស​ទីក្រុង ដើម្បី​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​ជិតស្និទ្ធ​ដូច​កំពុងស្នាក់នៅ​ផ្ទះ​របស់ខ្លួន​ដែរ “​។ នេះ​គឺជា​គំរូ​ល្អ​ដ៏​ឥតខ្ចោះ​នៃ “​អគារ​ស្នាក់​ទំនើប​ដ៏​ប្រណិត​នៅក្នុង​ទីក្រុង​ភ្នំពេញ “​។

សណ្ឋាគារ​អា​ផាត​មិន ដែលមាន​កម្ពស់​២៥​ជាន់​នេះ មាន​បន្ទប់​ស្នាក់នៅ​ចំនួន ១៦៦ យូ​នី​ត ដោយ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ប្រណិត និង​ទាក់ទាញ រួមទាំង​បំពាក់​ទៅដោយ​បរិក្ខារ​ទំនើបៗ ដ៏​សម្បូរបែប​នៅតាម​បន្ទប់​នីមួយៗ​។ ក្នុងនោះដែរ ប្រភេទ​បន្ទប់​ទាំងអស់​រួមមាន ស្ទូ​ឌី​យ៉ូ​ឃ្វី​ន (Studio Queen) ចំនួន ៥៦ យូ​នី​ត ស្ទូ​ឌី​យ៉ូ​ធ្វី​ន (Studio Twin) ចំនួន ២៨ យូ​នី​ត ឌី​ឡាក់​ក្លា​ស៊ី​ក​(Deluxe Classic) ចំនួន​១៤​យូ​នី​ត ឌី​ឡាក់​អ៊ិ​ច​សិ​ឃ្យូ​ធី​វ (Deluxe Executive) ចំនួន ២១​យូ​នី​ត ឌី​ឡាក់​ព្រី​មៀម (Deluxe Premium) ចំនួន ២១​យូ​នី​ត ប៊ែ​ត​រ៊ូ​ម​អ៊ិ​ច​សិ​ឃ្យូ​ធី​វ (Bedroom Executive) ដែលមាន​បន្ទប់​គេង​១ ចំនួន ២២​យូ​នី​ត ឌូ​ផ្លិ​ច​ស្វី​ត (Duplex Suites) ចំនួន ៣​យូ​នី​ត និង​ស្កា​យ​វីឡា (Sky Villa) ចំនួន​មួយ​យូ​នី​ត​។​

បន្ទប់​ទាំងនេះ​មាន​ទំហំ​ចាប់ពី ៣៩​ម៉ែត្រការ៉េ​ដល់ ៧៤​ម៉ែត្រការ៉េ ចំណែកឯ ប្រភេទ​បន្ទប់​បែប​លំនៅឋាន និង​វីឡា​មាន​ទំហំ​ចន្លោះ​ពី ៧៤​ម៉ែត្រការ៉េ ទៅ ៦២២​ម៉ែត្រការ៉េ​។​

ភ្ញៀវ​ដែល​អញ្ជើញ​មក​ស្នាក់នៅ Lumiere Residence ទាំងអស់​អាច​ប្រើប្រាស់ រាល់​បរិក្ខារ​ផ្សេង​មាន ប្រព័ន្ធ​ចំណតរថយន្ត​ស្វ័យប្រវត្តិ អាង​ហែល​ទឹក​លើ​អាកាស ក្លឹប​ហាត់ប្រាណ​លើ​អាកាស​ដែលមាន​ឧបករណ៍​ទំនើបៗ ភោជនីយដ្ឋាន សាលសន្និសីទ និង​បន្ទប់​ប្រជុំ រួមទាំង​សេវាកម្ម​យ៉ាងច្រើន​ទៀត​ដូចជា សេវាកម្ម​ស្វាគមន៍​ភ្ញៀវ ២៤​ម៉ោង សេវា​បោក​ស្ងួត សេវា​បោក​អ៊ុត និង​សេវា​រៀបចំ​ការធ្វើដំណើរជាដើម ។​

លោក​ទេសរដ្ឋមន្ត្រី​គន់ គីម ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​មានប្រសាសន៍ ដោយបាន​សម្តែង​នូវ​សេចក្តី​រីករាយ​នៅពេលដែល​ឃើញ​អគារ​ថ្មី​មួយ នៅក្នុង​តំបន់​នេះ ដែល​ផុស​ដូច​ផ្សិត ដែលមាន​លក្ខណៈ​បច្ចេកទេស​ទំនើប​ជាង​សណ្ឋាគារ​ផ្សេងៗ​ទៀត នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បំពាក់​ប្រព័ន្ធ​ស្មា​ត​ដែល​អាច​ទទួលបាន​រថ​យន្ត​រហូតដល់​ជាង 80 គ្រឿង ដែល​ធ្វើឱ្យ​ប្រព័ន្ធ​សណ្ឋាគារ​របស់​យើង​មាន​ភាព​ស្រឡះ​ទូលាយ​បាន​យ៉ាង​ល្អ ។ នៅ​ទីកន្លែង​នេះ​កាលដើមឡើយ​ជា​អតីត​អគារ​មួយ ហើយ​បានប្រែក្លាយ​ទៅជា​អគារ​សណ្ឋាគារ​ដ៏​ទំនើប​លំដាប់​ផ្កាយ ដោយមាន​ការទទួលស្គាល់​ពី​ក្រសួងទេសចរណ៍​។ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ទទួលស្គាល់​និង​ជឿជាក់​លើ​មិត្ត​បរទេស​របស់​យើង ដែល​បាន​ខិតខំ​បោះទុន​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹងធ្វើ​ឲ្យ​ភ្ញៀវទេសចរ​កាន់តែ​ច្រើនឡើង មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ស្របពេល​ដែល​យើង​មាន​សណ្ឋាគារ​ល្អៗ​ប្រណីត​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ ដែល​ធ្វើ​ឲ្យ​ភ្ញៀវកិត្តិយស​គាប់ចិត្ត​យ៉ាងខ្លាំង​។

​ក្នុងឱកាស​នោះដែរ លោក​គីម រិទ្ធី អភិបាលរង​ខេត្តកណ្តាល បាន​មានប្រសាសន៍ថា អ្វីដែល​លោក​កត់សម្គាល់​នោះ គឺ​គម្រោង​នេះ ជាការ​វិនិយោគ​របស់​បរទេស ប៉ុន្តែ​ប្រតិបត្តិការ​ផ្ទាល់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​នេះ គឺជា​កូន​ខ្មែរ​សុទ្ធសាធ​ទាំងអស់ ដែលជា​ការចាប់អារម្មណ៍​ខ្ពស់បំផុត​នោះ គឺ​សណ្ឋាគារ​លំដាប់​ផ្កាយ​នេះ ចាប់ផ្ដើម​តាំងពី​ការបុក​គ្រឹះ រហូតដល់​សម្រេច​លទ្ធផល​ដូច​នាពេលនេះ គឺជា​ស្នាដៃ​របស់​កូន​ខ្មែរ​ទាំងស្រុង​។ លោក​បាន​បញ្ជាក់ថា គម្រោង​នេះ ជា​គម្រោង​របស់​បរទេស​ទេ ប៉ុន្តែ​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​។ លោក​ក៏បាន​អបអរសាទរ​ដល់​គម្រោង​នេះ ដែល​បានផ្ដល់​ឱកាស​ដល់​កូន​ខ្មែរ ក្នុង​ការសង់​អគារ​ដ៏​ទំនើប​នេះ ហើយ​ជាពិសេស​បាន​ជួយ​បណ្តុះបណ្តាល​ដល់​កូន​ខ្មែរ​ឲ្យ​មានឱកាស​ការងារ​ធ្វើ​។ អគារ​មួយ​នេះ អាច​ហៅ​បាន​ថា​ជា​អគារ​ស្មា​ត​ផងដែរ អាច​ផ្ទុក​រថយន្ត​រហូតដល់​ចំនួន 88 គ្រឿង ពិសេស​ប្រព័ន្ធ​ភ្លើង និង​ប្រព័ន្ធ​ពន្លត់អគ្គីភ័យ បំពាក់​យ៉ាង​ទំនើប ជាមួយនឹង​ការ​កក់​បន្ទប់​តាម​ប្រព័ន្ធ​អន​ឡាញ ។​

គួរ​រំលឹក​ផងដែរ​ថា ក្រម​ហ៊ុន Lumiere Hospitality (LH) បានទទួល​ជោគជ័យ​យ៉ាងខ្លាំង រួចមកហើយ​លើ​គម្រោង​ទីមួយ​របស់ខ្លួន​មាន​ឈ្មោះថា Lumiere Hotel ដែលជា​សណ្ឋាគារ​ដ៏​ប្រណីត​ក្នុងចំណោម​សណ្ឋាគារ​ឈានមុខ​ជាច្រើន​នៅ​កម្ពុជា ដោយមាន​ស្កា​យ​បារ (Sky Bar) មួយ​ដ៏​ល្បីឈ្មោះ ស្ថិតនៅ​ជាន់​ទី 14 ហើយ​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី អតិថិជន​ទាំង​ជនជាតិខ្មែរ​និង​បរទេស​។​

អំពី Lumiere Hospitality (LH)

Lumiere Hospitality ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្នែក​បដិសណ្ឋារកិច្ច ដែល​ត្រូវបាន​សហការ​បង្កើតឡើង​ដោយ​លោកស្រី Celine Quek និង​លោក Alan Wong ហើយ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ប្រទេស​សិង្ហ​បុរី ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវមាន​កម្រិត ដោយមាន​សកម្មភាព​អាជីវកម្ម​ចម្បង​គឺ សេវា​ប្រឹក្សា​យោបល់​ពី​ការគ្រប់គ្រង​សណ្ឋាគារ​។ បច្ចុប្បន្ន ក្រុមហ៊ុន Lumiere Hospitality មាន​សណ្ឋាគារ​យ៉ាងច្រើន ដែល​ស្ថិតនៅក្រោម​បណ្តុំ​Lumiere មានដូចជា Lumiere Hotel ដែលជា​សណ្ឋាគារ​ដ៏​ទំនើប សម្រាប់​ជិវិត​បែប​ស៊ី​វិ​ល័យ និង Lumiere Residence ជា​សណ្ឋាគារ​អា​ផាត​មិន បែប​ទំនើប ដែលមាន​បំពាក់​ទៅដោយ​សម្ភារៈ​បរិក្ខារ​ពេញលេញ និង​ហើយ​ជាង​នេះ​ទៀង ក្រម​ហ៊ុន​កំពុង​ឈាន​ជើង​ពង្រីក​ខ្លួន​ទៅ​ទូទាំង​អាស៊ីអាគ្នេយ៍​តែម្ដង​៕​ ដោយ​៖​កូ​ឡាប​