កំពង់ស្ពឺ ៖ មុខសញ្ញាសង្ស័យម្នាក់ក្នុងចំណោម ២នាក់គឺធ្លាប់រត់គេចខ្លួនពេលបញ្ជូនទៅតុលាការកាលពីឆ្នាំ២០១៨ ត្រូវកម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជាក់ស្ដែង ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន។
កម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៤០-៤១ ស្ថិតនៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បានឱ្យដឹងថាជនសង្ស័យ ១-ឈ្មោះ ឌឹម គឹមហុង (ហៅ ឆក) ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (គ្រឿងញៀន ២កញ្ចប់តូច) ២-ឈ្មោះ វ៉ាន់ រតនា ហៅ ប្រុញ ភេទប្រុស អាយុ ២២ឆ្នាំនៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (មុខសញ្ញាខាងលេីមានដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន២ ដីកាបង្គាប់អោយចាប់ខ្លួនលេខ ១៩២ របស់ អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ ចុះថ្ងៃទី១៦.០៨.២០១៨ និង ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៦៣ របស់ លោកម៉ែន វណ្ណៈ ចៅក្រមស៊ើបសួរ ចុះថ្ងៃទី ២៣.០៧.២០១៨ )។ បញ្ជាក់ឈ្មោះ វ៉ាត់ រតនា ជាមុខសញ្ញារត់គេចខ្លួននៅក្នុងតុលាកាខេត្តកំពង់ស្ពឺ ពេលបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
ជាក់ស្ដែងសមត្ថកិច្ចធ្វើការដកហូតបាន-គ្រឿ ងញៀនចំនួន២កញ្ចប់តូច ទូរស័ព្ទដៃ ១គ្រឿង(ចាស់) ម៉ូតូ ០១គ្រឿង ម៉ាក CLICK ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-9725។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងនគរបាលស្រុកបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ