សៀមរាប៖ មួយករណីទៀតហើយ រថយន្តម៉ាកSANG YONG ISTANAមួយគ្រឿងដឹកភ្ញៀវទេសចរជនជាតិចិនប្រុស ស្រីចំនួន១៣នាក់ ត្រូវបានក្រឡាប់ផ្ងារជើង ខណៈកំពុងបើកបរដោយល្បឿនលឿនចុះពីភ្នំគូលែន តាមច្រកខាងកើត បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលឲ្យស្លាប់ ២នាក់ និងរងរបួសចំនួន១១នាក់ ។
តាមសេចក្តីរាយកេណ៍របស់អធិការនគរបាលស្រុកស្វាយលើបានឲ្យដឹងថានៅវេលាម៉ោង១២និង៤០នាទីនាថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើង នៅចំណុចផ្លូវចុះភ្នំគូលែន ផ្នែកខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលបង្កឡើងដោយរថយន្តម៉ាក SANG YONG ISTANA ពាក់ស្លាកលេខ សៀមរាប 2A-9016 ពណ៌ស បានធ្វើឲ្យភ្ញៀវទេសចរណ៍ ជនជាតិចិន រងរបួសស្រាល និងធ្ងន់ចំនួន ១៣នាក់ ។
តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា នៅវេលាដូច បានជម្រាបជូនខាងលើ មានរថយន្តដឹកភ្ញៀវទេសចរណ៍ ១៥កៅអី ម៉ាក SANG YONG ក្រោយពេលភ្ញៀវទស្សនានៅ ព្រះអង្គធំរួច រថយន្តបានធ្វើដំណើរដឹកភ្ញៀវចេញពីព្រះអង្គធំ ឆ្ពោះមកកាន់ប្រាសាទបេងមាលា ដោយបានចុះតាមផ្លូវផ្នែកខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ នៅពេលដែលកំពុងចុះស្រាបតែរថយន្តមានបញ្ហាបណ្តាលឲ្យក្រឡាប់ ប៉ះជើងឡើងលើតែម្តង ធ្វើឲ្យភ្ញៀវទេចរណ៍ចិន ទាំង១៣នាក់ រងរបួលជាទម្ងន់ ក្នុងនោះរងរបួសធ្ងន់០៥នាក់ ស្រី២នាក់។
លោកក៏បានឲ្យដឹងទៀតថា អ្នករងរបួសទាំងអស់ ត្រូវបានមណ្ឌលសុខភាពស្រុកស្វាយលើ ដឹកជញ្ជូនតាមរថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះអាយុជីវិត តែអកុសលនៅពេលបញ្ជូនអ្នករងគ្រោះមកដល់មន្ទីរពេទ្យ ក៏បានស្លាប់បាត់បង់ជីវិត២នាក់ ស្រី១នាក់ផងដែរ។
លោកអធិការក៏បានបញ្ជាក់ផងដែរថា កាលពីដើម ខែកក្កដានេះ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចខាងលើនេះដែរ ដោយរថយន្តទេសចរណ៍២៤កៅអីផងដែរ ដោយផ្លូវនេះបានកំពុងស្ថាបនា ដោយក្រុមហ៊ុន ទ្រី ភាព គ្រុប ។ ម្យ៉ាងទៀតដោយអ្នកបើកបរនេះ មិនស្គាល់ពីស្ថានភាពផ្លូវ ព្រមទាំងអ្នកទើបតែនឹងចេះបើកបរ មិនស្ទាត់ជំនាញឡើយ។
តាមការបញ្ជាក់របស់ប្រជាពលរដ្ឋក្នុងភូមិតាពេញ ដែលបានមើលឃើញហេតុកាណ៍នេះ បានឲ្យដឹងថា នៅពេលរថយន្តបើកបរ ចុះពីភ្នំទៅក្រោមនោះ បានបើកបរយ៉ាងលឿន ដោយមិនមានការប្រុងប្រយ័ត្នឡើយ ដូចការបើកបរនៅផ្លូវរាបស្មើ។ តែដោយ សារល្បឿនលឿនផងនោះ អ្នកបើកបរបានជាន់ប្រាំង ធ្វើឲ្យរថយន្តរេពេញផ្លូវបាត់ភាពម្ចាស់ការ ធ្វើឲ្យរថយន្តក្រឡាប់ថ្ងារជើងឡើងលើតែម្តង ហើយធ្វើឲ្យអ្នកជឹះខាងក្នុងរថយន្តរងរបួសទាំងអស់ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ទៅជួយសង្គ្រោះចេញពីរថយន្ត ផងដែរ។
ចំពោះអ្នកបើកបររថយន្ត ក៏បានគេចខ្លួនបាត់ពីកន្លែងកើតហេតុចំពោះករណីគ្រោះថ្នាក់ចរាចរនេះ កម្លាំងជំនាញ បានចុះធ្វើការវាស់វែង និងស្រាវជ្រាវអំពីករណីនេះបន្ថែមទៀត។ ចំពោះរថយន្តត្រូវបានកម្លាំងជំនាញយកទៅរក្សាទុក នៅអធិការនគរបាលស្រុក ដើម្បីរងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ដោយ៖កូឡាប