ភ្នំពេញ ៖ សកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ AUPP បានបើកថ្នាក់បំប៉នបន្ថែមដល់សិស្សថ្នាក់ទី១២ ដើម្បីបំពេញវិជ្ជាបន្ថែម និងជួយរំលឹកមេរៀន ជាពិសេស ជួយសម្រាលបន្ទុកមួយផ្នែក ដោយការសិក្សា គឺមិនមានបង់ប្រាក់អ្វីឡើយ ដែលនឹងត្រូវប្រឡងនាពេលខាងមុខនេះ។
លោក Kenneth Dunn សកលវិទ្យាធិការ នៃសកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ AUPP បានរៀបរាប់ឲ្យដឹងថា ថ្នាក់បំប៉នពិសេស សម្រាប់សិស្សថ្នាក់ទី១២ នេះ គឺបានសហការជាមួយ សាលាខូលីងវូដភ្នំពេញ សិក្សាមិនគិតថ្លៃ គឺរៀនថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានរយៈពេល៨សប្តាហ៍ លើមុខវិជ្ជា ដូចជា ភាសារខ្មែរ គណិតវិទ្យា ជីវៈវិទ្យា រូបវិទ្យា និងគីមីវិទ្យា ជាដើម។ AUPP បើកវគ្គបំប៉នបន្ថែមនេះ ជាលើកទី២ហើយ ដោយលើកទី១ មានការចាប់អារម្មណ៍ច្រើនទើប AUPP សម្រេចធ្វើឡើងជាលើកទី២។
លោក Kenneth Dunn បន្តថា AUPP បង្កើតឡើងក្នុងគោលបំណង ឲ្យសិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា ទទួលបានការអប់រំ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព តាមស្តង់ដារ របស់អាមេរិក ដោយមិនចាំបាច់ទៅសិក្សានៅបរទេសនោះទេ និងសិក្សារយៈពេល៤ឆ្នាំ ទទួលបានសញ្ញាប័ត្រ២ មួយទទួលបានពី AUPP និងមួយទៀត ទទួលបានពី សកលវិទ្យាល័យ អារីហ្សូណា សហរដ្ឋអាមេរិក។
សកលវិទ្យាធិការរូបនេះបន្ថែមថា សញ្ញាប័ត្រចេញពី AUPP គឺទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយសិស្សរបស់ AUPP មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រឡងប្រជែង ជាមួយសិស្សនៅបរទេសបាន។ សិស្ស AUPP ដែលបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រ នៅកម្ពុជា និងអាចទៅសិក្សាបន្ត ថ្នាក់ អនុបណ្ឌិត និង បណ្ឌិតនៅសហរដ្ឋអាមេរិក ដោយទទួលបានអាហារូបករណ៍ ១០០ភាគរយ ពីសកលវិទ្យាល័យ នៅអាមេរិកផងដែរ។
ជាមួយគ្នានោះដែរ យុវតី ស្រ៊ឺ ចេននីហ្វឺ ជាសិស្សមកពីសាលា ខូលីងវូដភ្នំពេញ ថ្លែងទាំងទឹកមុខរីករាយថា នេះគឺជាវគ្គបំពេញបន្ថែមវិជ្ជាមួយដ៏ល្អ ដែល AUPP បង្កើតឡើង ក្នុងការបង្កើនចំណេះដឹង សិស្សថ្នាក់ទី១២ សម្រាប់ការត្រៀមប្រឡង និងការសិក្សាដោយមិនគិតថ្លៃទៀត វាអាចជួយសន្សំសន្សៃក្នុងការចំណាយ របស់ឪពុកម្តាយថែមទៀតផង។
យុវតី ស្រ៊ឺ ចេននីហ្វឺ បន្ថែមថា ប្រសិនបើជាការប្រឡងទទួលបានលទ្ធផលល្អ ប្អូនស្រីនឹងជ្រើសយកសាលា AUPP សម្រាប់បន្តថ្នាក់បរិញ្ញាប័ត្រ ដោយសារតែសិក្សានៅ AUPP រយៈពេល៤ឆ្នាំ អាចទទួលបានសញ្ញាប័ត្រពីរ ទោះបីរៀននៅកម្ពុជា ប៉ុន្តែទទួលបានសញ្ញាប័ត្រមកពីអាមេរិក ម៉្យាងទៀតរៀននៅក្នុងប្រទេស បាននៅជិតគ្រួសារ និងមិនចំណាយច្រើនដូចទៅរៀននៅក្រៅប្រទេសដែរ។
ចំណែក យុវសិស្ស សរ សុវណ្ណវិវឌ្ឍន៍ ជាសិស្សថ្នាក់ទី១២ D1 មកពីវិទ្យាល័យឫស្សីកែវ ក៏បានឲ្យដឹងដែរថា វគ្គបំប៉នបន្ថែម ដែល AUPP បង្កើតឡើងនេះ ពិតជាល្អ សម្រាប់សិស្សដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ទៅរៀននៅសាលាផ្សេងៗ អាចចូលរៀនបាន។
AUPP ជាសាកលវិទ្យាល័យឈានមុខគេ និងតែមួយគត់នៅកម្ពុជាដែលផ្តល់ជម្រើសឱ្យនិស្សិតខ្មែរ អាចជ្រើសយកសញ្ញាបត្របានពីរ សញ្ញាបត្រមួយផ្តល់ដោយ AUPP និងមួយទៀតផ្តល់ដោយសាកលវិទ្យាល័យដៃគូរនៅអាមេរិក គឺសាកលវិទ្យាល័យអារីហ្សូណា (UA)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ អ៊ីម៉ែល info@aupp.edu.kh ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh។ សាកលវិទ្យាល័យ AUPP មានទីតាំងស្ថិតនៅអគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕ ដោយ៖កូឡាប