Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គរាជទូត​ស៊ុយអែត​ចប់​អាណត្តិ​៖ រដ្ឋាភិបាល​ស៊ុយអែត នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

spot_img

(​ភ្នំពេញ​)៖ ឯកអគ្គរដ្ឋទូត​ទើប​ចប់​អាណត្តិ​របស់​ស៊ុយអែត​ប្រចាំ​កម្ពុជា លោកស្រី​ម៉េ​រៀ សា​ហ្គ្រេ​ន បានបញ្ជាក់​ប្រាប់​លោក អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យដឹងថា រដ្ឋាភិបាល​ស៊ុយអែត នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​កម្ពុជា​បន្តទៀត ដែល​ស្របទៅនឹង​គោលដៅ​រួម​របស់​រដ្ឋាភិបាល​ទាំងពីរ​។​

​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោកស្រី ម៉ា​រី សា​ហ្គ្រេ​ន ជម្រាបលា​លោក​អ៉ិ​ត សំហេង ជា​ផ្លូវការ​នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​នាឱកាស​នោះ លោក អ៉ិ​ត សំហេង បានលើកឡើង​ពី​លទ្ធផល​ការងារ និង​កិច្ចសហប្រតិបត្តិការ​ជាច្រើន ដែល​កម្ពុជា​បាន​អនុវត្ត​ជាមួយ​ស៊ុយអែត និង​អង្គការ​អន្តរជាតិ​មួយចំនួន នាពេល​កន្លងមក ក្នុងនោះ​រួមមាន​៖ គម្រោង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) តាមរយៈ​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណៈ​ស៊ុយអែត (SPES) ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) និង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល (Global Deal Initiatives)​។

​មិនតែប៉ុណ្ណោះ កម្ពុជា​បាននិងកំពុង​ប្រើប្រាស់​យន្តការ​នេះ ក្នុង​ក្របខណ្ឌ​មួយចំនួន ដូចជា យន្តការ​គ្រប់គ្រង​រប​ស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម យន្តការ​នៃ​ការដោះស្រាយ​វិវាទ​ការងារ យន្តការ​នៃ​ការចរចារ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​នីតិវិធី​នៃ​ការតាក់តែង​ច្បាប់ ព្រមទាំង​គោលនយោបាយ​ដែល​ធ្វើ​ទ្បើង​ដោយមាន​ការពិភាក្សា និង​ចូលរួម​ពី​ត្រីភាគី​។​ល​។​

​លោកស្រី​ម៉េ​រៀ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ទាំងនេះ ដែល​កម្ពុជា​ពិតជា​បាន​ខិតខំ​ចូលរួម​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ ពិសេស​គឺ​ការចូលរួម​អនុវត្ត​រួមគ្នា​នូវ​ការបង្កើត​មណ្ឌល​ការងារ​ចល័ត ដែល​បញ្ជូន​ទៅដល់​តំបន់​ដាច់ស្រយាល និង​ផ្ដល់ជូន​នូវ​ព័ត៌មាន​ទីផ្សារការងារ ព្រមទាំង​ផ្ដល់​ការងារ​ទៅដល់​យុវជន​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក​រដ្ឋមន្ត្រី មាន​សុទិដ្ឋិនិយម​ចំពោះ​អ្នកវិនិយោគ​ស៊ុយអែត ដែល​បានផ្ដល់​ទំនុកចិត្ត​មកលើ​កម្ពុជា និង​នៅតែ​បន្ត​វិនិយោគ​មក​កម្ពុជា​បន្ថែម ដោយបាន​បង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងច្រើន​ផងដែរ​។

​ភាគី​ទាំង​ពីរបាន​ប្ដេជ្ញាចិត្ត​ថា នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​អនុវត្ត​ជាមួយគ្នា ដែល​ស្របទៅនឹង​គោលនយោបាយ​រួម​របស់​រដ្ឋាភិបាល​ស៊ុយអែត និង​រាជរដ្ឋាភិបាល​កម្ពុជា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×