Tuesday, May 24, 2022

រៀបចំ​ប្រព័ន្ធ​ការងារ​ឱ្យ​លំបាក សម្រាប់​ការ​គេចវេះ​ពន្ធ​

(​ភ្នំពេញ​)៖ ក្នុងពេល​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល​ចំណូល​ពន្ធប្រមាណ​ជាង ១.៥២៦​លាន​ដុល្លារ ​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​បន្ថែម​ដល់ ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ កៀរគរ​ប្រមូល​ឱ្យ​អ្នក​ជាប់ពន្ធ ចូលក្នុង​ប្រព័ន្ធ​រួមមួយ ធ្វើឱ្យ​អ្នក​ជាប់ពន្ធ​ងាយស្រួល ក្នុងការ​បង់ពន្ធ រៀបចំ​ប្រព័ន្ធ​ការងារ​ឱ្យ​លំបាក សម្រាប់​ការ​គេចវេះ​ពន្ធ ។​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល​ចំណូល​ពន្ធ​សម្រាប់​ថវិកាជាតិ មាន​ចំនួន ៦.១០៦,១៧​ប៊ី​លាន​រៀល ស្មើនឹង​ប្រមាណ ១,៥២៦,៥៤​លាន​ដុល្លារ​អាមេរិក កើនឡើង​២៨.៩៤​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បណ្តាញ​ព័ត៌មាន F ​នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​មិថុនា និង​សមិទ្ធផល​ឆមាស​ទី​១ ឆ្នាំ​២០១៩ លោក គង់ វិបុល បាន​កត់សម្គាល់ថា តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ការស្នើសុំ​ការ​បង្វិល​សង និង​ការប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម របស់​អគ្គនាយកដ្ឋាន​ពន្ធដារ (E-VAT Refund) បាន​បង្កើន​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង ប្រមូល​អាករ​លើ​តម្លៃបន្ថែម និង​ទប់ស្កាត់​ការ​គេចវេះ​កេង​បន្លំ​ប្រាក់​ពន្ធ ដែលជា​លទ្ធផល​រយៈពេល ០៦​ខែ ឆ្នាំ​២០១៩ ចំណូល​អាករ​លើ​តម្លៃបន្ថែម​កើនឡើង ៣៦.៦២% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។​

​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​បាន​ថ្លែង​កោតសរសើរ និង​ផ្តល់​មូល​វាចា​រណ៍​ថ្លៃថ្លា ចំពោះ​សមិទ្ធផល​សម្រេចបានរ​បស់​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ ក្នុង​ខែមិថុនា និង​ឆមាស​ទី​១ ឆ្នាំ​២០១៩ នេះ​។​

​សម្រាប់​ឆ្នាំ​២០១៩​នេះ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​ការប្រមូល​ចំណូល​ពន្ធ និង​ឈានទៅ​ការប្រមូល​ចំណូល​ពន្ធ​គ្រប់ តាម​ផែនការ​ច្បាប់​កំណត់ និង​ឈានទៅ​សម្រេច​លើស​ផែនការ ឱ្យ​បានជា​អតិបរិមា​នោះ អគ្គបណ្ឌិត​សភាចា​រ្យ បាន​គាំទ្រ​អគ្គនាយកដ្ឋាន​ពន្ធដារ បន្ត​បេសកកម្ម​របស់ខ្លួន និង​ផ្តល់​អនុសាសន៍​ណែនាំ លើ​វិធានការ និង​ទិសដៅ​ត្រូវអនុវត្ត​បន្ត​ដូចខាងក្រោម​៖

​បន្ត​តាមដាន​វឌ្ឍនភាព និង​អនុវត្ត​វិធាន​ការដែល​បានដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ដោយ​រៀបចំ​វិធាន​និង​នីតិវិធី​លម្អិត​ដើម្បី​អនុវត្ត​, តាមដាន​វឌ្ឍនភាព និង​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​, និង​រៀបចំ​ស្នើ​នូវ​វិធានការ​បន្ថែម ក្នុងករណី​ចាំបាច់ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម និង​កែលម្អ​ចន្លោះ​ខ្វះខាត​ក្នុងការ​អនុវត្ត​។​

​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព និង​សិក្សា​រៀបចំ​បន្ថែម នូវ​បទ​ប្បញ្ញត្តិ​ស្ដី​ពន្ធដារ សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​អនុក្រឹត្យ នៃ​ការលើកទឹកចិត្ត​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព ដើម្បី​ធានា​នូវ​ប្រសិទ្ធិភាព នៃ​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ជំរុញ​កំណើន​សកម្មភាព​សេដ្ឋកិច្ច ពង្រឹង​និង​ជំរុញ​ការ​កាន់​បញ្ជិការ​គណនេយ្យ ព្រមទាំង​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ជ្រួតជ្រាប​ដល់​មន្ត្រី​ពន្ធដារ និង​អ្នក​ជាប់ពន្ធ​។​

​ពិនិត្យ និង​សិក្សា​លើ​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ក្នុងការ​ជំរុញ​និង​ទាក់ទាញ​ការវិនិយោគ​នៅ​កម្ពុជា ដើម្បី​ជា​ធាតុ​ចូល​លើ​សេចក្តីព្រាងច្បាប់​វិនិយោគ​ថ្មី​។​

​សម្រាប់​ទិដ្ឋភាព​ការងារ និង​កិច្ចសហប្រតិបត្តិការ​នា​នា​៖ (១) ជំរុញ​និង​បង្កើន​ប្រសិទ្ធិភាព នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន ក្នុងចំណោម​អង្គភាព​ឬ​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​, (២) បន្ត​យកចិត្តទុកដាក់​ការចចារ​កិច្ចព្រមព្រៀង នៃ​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​, (៣) ពិនិត្យ​និង​ពង្រឹង​ការគ្រប់គ្រង ប្រមូល​ពន្ធ​លើ​វិស័យ​អចលនទ្រព្យ​, (៤) ពង្រឹង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ ដោយ​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា នូវ​បញ្ហា​កកស្ទះ និង​អសកម្ម​នានា​, និង (៥) ជំរុញ​ការប្រមូល​ចំណូល​ពន្ធ ដែល​គ្រប់គ្រង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ លើ​រាល់​សហគ្រាស និង​អាជីវកម្ម​ដែល​ជ្រក​ក្រោម​ស្លាក​យីហោ​កាស៊ីណូ ដែល​មិន​បានមក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ និង​មិនបាន​បង់ពន្ធ​ស្របតាម​ច្បាប់​កំណត់​។​

​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​បន្ថែម​ដល់ ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់លំដាប់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​បាវចនា​-​គោលការណ៍ រួម​ក្នុងការ​បំពេញការងារ​ក្នុងនោះ (១) កៀរគរ​ប្រមូល​ឱ្យ​អ្នក​ជាប់ពន្ធ ចូលក្នុង​ប្រព័ន្ធ​រួមមួយ (២) ធ្វើឱ្យ​អ្នក​ជាប់ពន្ធ​ងាយស្រួល ក្នុងការ​បង់ពន្ធ (៣) រៀបចំ​ប្រព័ន្ធ​ការងារ​ឱ្យ​លំបាក សម្រាប់​ការ​គេចវេះ​ពន្ធ និង (៤) ធានា​ឱ្យបាន​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព មាន​សមធម៌​ក្នុងការ​បង់ពន្ធ និង​យុត្តិធម៌​សង្គម​៕​​ ដោយ ៖ កូឡាប