យោធាអាមេរិចនៅថ្ងៃពុធម្សិលមិញ បាននិយាយថា ខ្លួនបានបញ្ជូននាវាចម្បាំងមួយគ្រឿងទៅច្រកសមុទ្រតៃវ៉ាន់ ដែលខ័ណ្ឌចែកតៃវ៉ាន់ និងចិន។ សកម្មភាពរបស់អាមេរិចនៅច្រកសមុទ្រតៃវ៉ាន់នេះ ទំនងជាធ្វើឲ្យចិនខឹងខ្លាំង ក្នុងអំឡុងពេលមានភាពតានតឹងស្រាប់រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។

នៅថ្ងៃពុធដែរ ចិនបានធ្វើការព្រមានថា ខ្លួនត្រៀមខ្លួនរួចស្រេចហើយដើម្បីធ្វើសង្រ្គាម ប្រសិនមានចលនាមួយណាដែលធ្វើឲ្យតៃវ៉ាន់ឯករាជ្យ។ ចិនក៏បានចោទអាមេរិចថាបំផ្លាញស្ថេរភាពពិភពលោក និងថ្កោលទោសអាមេរិចចំពោះការលក់អាវុធទៅឲ្យតៃវ៉ាន់។
នាវាចម្បាំងអាមេរិចដែលបញ្ជូនទៅកាន់ច្រកសមុទ្រដែលមានប្រវែង ១៨០គីឡូម៉ែត្រមានឈ្មោះថា Antietam។
“ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ានគឺបង្ហាញពីការប្តេជ្ញារបស់អាមេរិចក្នុងការធ្វើឲ្យមានសេរីភាព និងបើកចំហរតំបន់ឥណ្ឌូប៉ាស៊ីហ្វិច។ កងកម្លាំងជើងទឹកអាមេរិច នឹងនៅតែបន្តហោះហើរ ធ្វើនាវាចរ និងធ្វើប្រតិបត្តិការនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត”។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យកងកម្លាំងជើងទឹកអាមេរិច។
មហាយក្សអាស៊ីចិន បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន ហើយអាចនឹងត្រូវរួមគ្នាវិញនៅពេលអនាគត ខណៈកោះតៃវ៉ាន់ប្រកាន់ខ្លួនជាប្រទេសឯករាជ្យ ដោយគ្រាន់តែតៃវ៉ាន់មិនហ៊ានប្រកាសឯករាជ្យប៉ុណ្ណោះ ព្រោះដោយសារតែចិនតែងគំរាម។
នៅថ្ងៃពុធម្សិលមិញនេះ ក្រសួងការពារជាតិចិនបានធ្វើការគំរាមថា ប្រសិនជាមាននរណាចង់មកបំបែកតៃវ៉ាន់ចេញ យោធាចិននឹងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើសង្រ្គាម ដើម្បីការពារបូរណភាពទឹកដី និងការរួបរួមជាតិ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia


