Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​បេឡា​រុស​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​

(​សៀមរាប​)៖ ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​បេឡា​រុស ឱ្យ​កាន់​តែមាន​ភាព​ស៊ីជម្រៅ ។​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​មោទនភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​បេឡា​រុស ថា​បាន​ដើរតួនាទី​យ៉ាងសំខាន់ ដល់​ការធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ​។​

​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នាឱកាស​អញ្ជើញ​ជា​គណៈ​អធិបតីភាព​ជាមួយ​លោក ជេន​ណា​ឌី ស្វេ​ឌ័​រ​ស្គី (Gennady Svidersky) អនុរដ្ឋមន្ត្រី​ទី​១ នៃ​ក្រសួង​ឧស្សាហកម្ម​បេឡា​រុស ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ចកម្ពុជា និង​បេឡា​រុស ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​សណ្ឋាគារ​សុខា​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​។​

​នៅក្នុង​សុន្ទរកថា​ស្វាគមន៍ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា និង​កិច្ចប្រឹងប្រែង​សម្រួល​វិនិយោគ​របស់​រាជរដ្ឋាភិបាល ដែល​បង្កើតបានជា​កាលា​នុ​វត្ត​ភាព​សម្រាប់​វិនិយោគិន​បេឡា​រុស តួយ៉ាង​ករណី​ជោគជ័យ​របស់​ក្រុមហ៊ុន​ផលិត​ត្រាក់ទ័រ «​បេឡា​រុស​-​មេគង្គ​» ដែល​ចាប់ផ្តើម​ពី​ទុន ៤​លាន​ដុល្លារ និង​បាន​កំពុង​ចែកចាយ​ត្រាក់ទ័រ​គុណភាព​ខ្ពស់​នៅលើ​ទីផ្សារ និង​ផ្តល់​ការងារ​ជូន​ពលករ​ខ្មែរ​ជាច្រើន​នាក់​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ បន្ត​ពិភាក្សាគ្នា​លើ​វិស័យ​កសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម ទេសចរណ៍ អប់រំ និង​វិស័យ​ផ្សេងទៀត ដោយ​ប្រើប្រាស់​ជំនាញ និង​បទពិសោធន៍ ដើម្បី​បង្កើត​ផែនការ​សកម្មភាព​ថ្មី​មួយ ដែលមាន​កំណត់​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​នៅក្នុង​ឱកាស​នោះដែរ លោក​ជេន​ណា​ឌី ស្វេ​ឌ័​រ​ស្គី បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​បេឡា​រុស ក្នុង​ការបន្ត​ជំរុញ​វិនិយោគ មកកាន់​ប្រទេស​កម្ពុជា លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម សុខាភិបាល និង​បច្ចេកវិទ្យា ដើម្បី​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន និង​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច​កម្ពុជា ជាមួយ​រាជរដ្ឋាភិបាល​។​

​បន្ថែម​លើ​នេះ លោក​អនុរដ្ឋមន្ត្រី​បេឡា​រុស ក៏បាន​សន្យា​ជួយ​ជំរុញ​ការផ្ទេរ​ចំណេះដឹង និង​បច្ចេកវិទ្យា​ទំនើប ដើម្បី​កាត់បន្ថយ​បញ្ហា​គម្លាត​ជំនាញ និង​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល និង​ធុន​ធ្ងន់ នៅក្នុង​ប្រទេស​កម្ពុជា​ថែមទៀត​។​

​សូមជម្រាបថា គោលបំណង​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ គឺ​ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ នៅក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រម​ពៀង​ឆ្នាំ​២០១៤ និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​បេឡា​រុស ឱ្យ​កាន់​តែមាន​ភាព​ស៊ីជម្រៅ និង​ទូលំទូលាយ បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​លើក​ទី​២ បានធ្វើ​ឡើង​កាលពី​ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​មីន​ស្ក នៃ​សាធារណរដ្ឋ​បេឡា​រុស​ ៕ ដោយ​៖​កូ​ឡាប​

×