ខេត្តព្រះសីហនុ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកការដ្ឋានសាងសង់អគារពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន អេវើ អីសេន ឌីវេឡុបម៉ិន។

ពិធីនេះបានរៀបចំឡើង នៅឆ្នេរអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់ លេខ៤ ក្រុង ខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងពិធីនោះ លោក គួច ចំរើន បានចាត់ទុក ការបើកការដ្ឋានសាងសង់អគារពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន Ever Asend Development Co.Ltd ថាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា, ផ្ដល់ការងារធ្វើបានច្រើនដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ មានការងារធ្វើ ឈានទៅកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា ដើម្បីកំណត់ការងារសមធម៌ និងប្រសិទ្ធភាព។
លោក គួច ចំរើន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ស្ថិតក្នុងបរិយាកាសអំណោយផល ពិសេសកត្តាសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយកម្ពុជា មានសក្តានុពល និងកាលានុវត្តភាពវិនិយោគពេញលេញ ក្នុងការអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុ ទទួលបានការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន ជាហេតុធ្វើឲ្យខេត្តនេះ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
លោកអភិបាលថា អ្នកវិនិយោគចិន ចូលមកបណ្តាក់ទុនក្នុងខេត្តព្រះសីហនុ គឺជនជាតិចិន ស្ថិតក្នុងលំដាប់លេខ១ មកបណ្ដាក់ទុន និងវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ។
ចំណែក លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានទទួលស្គាល់ថា ការអភិវឌ្ឍគម្រោងសាងសង់អគារពហុបំណង ពិតជាបានចូលរួមចំណែកបន្ថែមទៀត ក្នុងការជំរុញឲ្យកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការចូលរួមអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ នៅព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការងារជូនយុវជនយើងមានការងារធ្វើ ដោយមិនចាំបាច់ធ្វើចំណាកស្រុកនោះទេ។
លោក ជា សុផារ៉ា បានចាត់ទុកគម្រោងវិនិយោគខាងលើនេះថា ជា គម្រោងដ៏ធំ និងថ្មីមួយទៀត នាមូលដ្ឋានខេត្ដព្រះសីហនុ លើផ្ទៃដីជាង ៣ហិកតា។
លោកថា បច្ចុប្បន្ននេះ អាស្រ័យដោយប្រទេសកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងសុខដុមរមនា នៃសង្គមជាតិ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យវិនិយោគតូច ធំមកពីគ្រប់ទិសទីលើពិភពលោក បានចូលមកបណ្ដាក់ទុន បោះទុនវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ។
លោក ជា សុផារ៉ា បញ្ជាក់បន្ថែមថា កន្លងមកកម្ពុជា ទទួលបានអ្នកវិនិយោគិនមកពីបរទេសជាច្រើន ក្នុងនោះប្រទេសចិន បាននាំមុខគេ គឺលេខ១ , កូរ៉េលេខ២ និងជប៉ុនលេខ៣។ ដូច្នេះយើងត្រូវប្រកាន់ភ្ជាប់នូវវិធានការណ៍ ដើម្បីការវិនិយោគ សំដៅផ្តល់ផលប្រយោជន៍ ដល់ប្រទេសជាតិឲ្យមានការរីកចម្រើន ប្រជាពលរដ្ឋទទួលបានការងារធ្វើកាន់តែច្រើនថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕ ដោយ៖ ដែន សីមា


