ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការងារគ្រប់គ្រងផលិតផលឱសថ និងគ្រឿងសម្អាងឱ្យបានកាន់តែប្រសើរបន្ថែមទៀត សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងប្រទេស លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន “ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ ចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថតាមប្រព័ន្ធអនឡាញកម្ពុជា (Cambodia Pharmaceutical Online Registration System “CamPORS”) ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៣រសៀលដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោក និងសិក្ខាកាមមកពីគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឿងសម្អាង និងការិយាល័យតំណាងគ្រឹះស្ថានផលិតឱសថនៅក្រៅប្រទេសសរុបជាង៣០០នាក់។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា៖ ការដាក់ឲ្យប្រេីប្រាស់ប្រព័ន្ធអនឡាញនាពេលនេះ គឺដើម្បីលើកកម្ពស់ការងារគ្រប់គ្រងផលិតផលឱសថ និងគ្រឿងសម្អាងឱ្យបានកាន់តែប្រសើរបន្ថែមទៀត សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងប្រទេស ហេីយការប្រើប្រាស់ប្រព័ន្ធចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថតាមប្រព័ន្ធអនឡាញកម្ពុជា ហៅថា CamPORS ក៏ជាកំណែទម្រង់មួយដ៏មានសារៈសំខាន់និងជាប្រវត្តិសាស្ត្រនៃវិស័យសុខាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងផលិតផលឱសថ និងគ្រឿងសម្អាង ផងដែរ។ លោករដ្ឋមន្ត្រី បានលេីកឡេីងផងដែរថាក្រសួងសុខាភិបាលបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ និងគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់នានារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចដែលបានលើកនៅក្នុងសន្និសីទថ្នាក់តំបន់ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព នាខែវិឆ្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ហើយបាននឹងកំពុងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុតនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយអនុវត្តនូវផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០១៦-២០២០ រួមទាំងផែនការ អនុវត្តរួមគ្នារវាងក្រសួងមហាផ្ទៃ និង ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់នូវហានិភ័យសុខមាលភាពជូនប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល បានដាក់ចេញនូវយន្តការគ្រប់គ្រង ត្រួតពិនិត្យ ប្រយុទ្ធប្រឆាំងឱសថ និងគ្រឿងសម្អាង ក្លែងក្លាយ និងអន់គុណភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា ៖
− សហការជាមួយស្ថាប័នមានសមត្ថកិច្ចផ្សេងៗទៀតក្នុងការចុះបង្ក្រាបករណី ចែកចាយ ឬលក់ផលិតផលឱសថ និងគ្រឿងសម្អាងខុសច្បាប់។
− ការប្រយុទ្ធប្រឆាំងការលក់ឱសថ online ដែលជាផលិតផលគ្មានប្រភពច្បាស់លាស់ គ្មានការទទួលស្គាល់ពី ក្រសួង សុខា ភិ បាល ឬក្លែងក្លាយ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ។
– ការប្រេីប្រព័ន្ធអនឡាញ CamPORS និង QR Code ដេីម្បីងាយស្រួលក្នុងការត្រួតពិនិត្យ ។
– និងកិច្ចការជាច្រេីនទៀតដែលមិនបានរៀបរាប់នៅពេលនេះ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ ចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថតាមប្រព័ន្ធអនឡាញកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានដឹកនាំក្រុមការងារអភិវឌ្ឍន៌ប្រព័ន្ធអនឡាញ CamPORS នេះ បានរាយការណ៍អំពីដំណេីរការនៃការរៀបចំនិងអភិវឌ្ឍន៌ប្រព័ន្ធចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថតាមប្រព័ន្ធអនឡាញកម្ពុជា តាំងពីដំណាក់កាលដំបូងរហូតដល់សម្រេចបានលទ្ធផលនៅថ្ងៃនេះ ដោយបានលើកឡើងអំពីអត្ថប្រយោជន៍នៃប្រព័ន្ធនេះដែលប្រព័ន្ធនេះនឹងជួយកាត់បន្ថយបាននូវការចំណាយធុរៈកិច្ចផលិតផលឱសថ និងគ្រឿងសម្អាង ធានាបាននូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព បង្កលក្ខណៈងាយស្រួល ឆាប់រហ័ស អាចធ្វើបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រមទាំងសម្រួលដល់ភ្នាក់ងារត្រួតពិនិត្យឱសថ ក្នុងការចុះត្រួតពិនិត្យផលិតផលឱសថ និងគ្រឿងសម្អាងលើទីផ្សារ ហេីយលោកស្រី ព្រមទាំងបញ្ជាក់ផងដែរថាក្រសួងសុខាភិបាលនឹងចាប់ផ្តើមអនុវត្តប្រើប្រព័ន្ធ QR Code នៅលើវិញ្ញាបនបត្រ និងបានចេញប្រកាសរបស់ក្រសួងរួចហេីយលេីការបិទឫដាក់លើប្រអប់ផលិតផល ឱសថ និងគ្រឿងសម្អាង នូវ QR Code ដើម្បីពង្រឹងការងារ គ្រប់គ្រងឱសថ ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាងដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងត្រួតពិនត្យផលិតផលលើទីផ្សារកម្ពុជា។
ជាមួយគ្នានោះដែរ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Li Ailan ក៏បានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលចំពោះការអភិវឌ្ឍប្រព័ន្ធចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថតាមប្រព័ន្ធអនឡាញកម្ពុជា ប្រកបដោយជោគជ័យ។ នៅតំបន់ប៉ាស៊ីហ្វិកខាងលិចនៃអង្គការសុខភាពពិភពលោកមានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលភាគច្រើនមានប្រាក់ចំណូលខ្ពស់មានប្រព័ន្ធអនឡាញនេះ។ ដូច្នេះ កម្ពុជា ជាប្រទេសមួយក្នុងចំណោមចំនួនប្រទេសចំនួនដ៏តិចតួចបំផុតដែលបានដាក់ឲ្យប្រេីប្រាស់ប្រព័ន្ធអនឡាញនេះ ហេីយលោកស្រីក៏បានបន្ថែមទៀតថា ផលិតផលឱសថមានគុណភាព គឺមិនអាចខ្វះបានសម្រាប់បង្ការ ព្យាបាល និងជួយសង្គ្រោះអាយុជីវិតមនុស្ស ដូច្នេះបទប្បញ្ញត្តិគឺចាំបាច់ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ។ យើងនឹងគាំទ្រដល់ការកសាងសមត្ថភាពលើកកម្ពស់បទប្បញ្ញត្តិ និងខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញវិជ្ជាជីវៈក្នុងការអនុវត្តនិតិវិធីក្នុងការគ្រប់គ្រងផលិតផល ឱសថឲ្យកាន់តែល្អប្រសេីរឡេីងថែមទៀត។
ជាទីបញ្ចប់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលបានគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ក្រសួងសុខាភិបាល និងសូមកោតសរសើរចំពោះការខិតខំ និងដឹកនាំដ៏ល្អ ប្រកបដោយប្រសិទ្ធិភាពខ្ពស់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងសហការី និង មន្ត្រីនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង ទាំងអស់ ដែលធ្វើឲ្យប្រព័ន្ធនេះបានលេចចេញជារូបរាងឡើង ព្រមទាំងមន្ត្រី បុគ្គលិក ក្រោមឱវាទក្រសួង សុខាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបាន យកចិត្តទុកដាក់បំពេញភារកិច្ច អស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីអនុវត្តច្បាប់ និងភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់៕ ដោយ៖កូឡាប