លោកជា សុផារ៉ា បានអះអាងថា ក្នុងចំណោមក្រសួងទាំងអស់នៅទូទាំងប្រទេស គឺក្រសួងរៀបចំដែនដី មានផ្តល់សេវាសាធារណៈច្រើនជាងគេ ក្នុងនោះមាន៣៩៣សេវា ដែលសុទ្ធសឹងតែពាក់ព័ន្ធដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋលើវិស័យដីធ្លី និងសុរិយោដី ហើយនាពេលខាងមុខ នឹងមានការផ្តល់សេវាកាន់តែច្រើនជាងនេះទៀត គឺនៅពេលដែលជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជំនឿជឿជាក់របស់អ្នកវិនិយោគក្នុងការមកបណ្តាក់ទុនកាន់តែច្រើននោះ ទីផ្សារលើវិស័យសំណង់ និងដីធ្លី គឺកាន់តែមានតម្លៃខ្ពស់ ។
នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការផ្តល់សេវាសុរិយោដី និងសំណង់ ដល់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ទាំងអស់ នៅទីស្តីការក្រសួង ។
ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីរៀបចំដំណើរការទៅមុខ សម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាន់តែទទួលបាននូវប្រសិទ្ធភាពក្នុងការរៀបចំដំណើរការរបស់ខ្លួននៅតាមបណ្តា រាជធានី ខេត្ត សំដៅឱ្យការផ្តល់សេវា ជាមួយមុខសញ្ញាចំនួន២ គឺបញ្ហាសុរិយោដី សំណង់ និងពាក់ព័ន្ធជាមួយការគ្រប់គ្រងមន្ត្រីរាជការផងដែរ ។ លោក បានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងដែលមានផ្តល់សេវាសាធារណៈច្រើនជាងគេ ក្នុងនោះមាន៣៩៣សេវា ដែលសុទ្ធសឹងតែពាក់ព័ន្ធដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋលើវិស័យដីធ្លី និងសុរិយោដី ហើយនាពេលខាងមុខ នឹងមានការផ្តល់សេវាកាន់តែច្រើនជាងនេះទៀត គឺនៅពេលដែលជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជំនឿជឿជាក់របស់អ្នកវិនិយោគក្នុងការមកបណ្តាក់ទុនកាន់តែច្រើននោះ ទីផ្សារលើវិស័យសំណង់ និងដីធ្លី គឺកាន់តែមានតម្លៃខ្ពស់ ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថានៅក្នុងគោលដៅដំបូង មន្ត្រីទាំងអស់ត្រូវគិតគូរអំពីទំរង់ដំណើរការរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីបញ្ជៀសផុតពីការទិទៀន របស់សាធារណៈមតិ ។ ចំពោះការបង់កម្រៃសេវាសម្រាប់ដំណើរការ គឺកម្រៃសេវានេះជាសេវាផ្លូវការ តាមប្រកាសអន្តរក្រសួងដែលជាគោលការណ៍ ត្រូវផ្សព្វផ្សាយ ។ ប្រាក់ចំណូលនេះជាប្រាក់ចំណូលផ្លូវការ ក្រៅពីនេះ ប្រាក់ចំណូលមិនផ្លូវការ គឺជាហានិភ័យ ជាការបាត់បង់នូវកិត្តិយសរបស់ស្ថាប័ន មន្ទីរ បុគ្គលខ្លួនឯង ក្រុមគ្រួសារ និងខាត់បង់នូវអ្វីៗទាំងអស់ ដូច្នេះ ឯកឧត្តម បានណែនាំដល់មន្ត្រីទាំងអស់ធ្វើយ៉ាងណា កុំឱ្យមានបញ្ហាកើតឡើងដូចករណីនៅខេត្តពោធិសាត់ ដែលចាត់ទុកថាជាភាពអាម៉ាស់មួយដ៏ធំសម្រាប់ស្ថាប័ន ។ ចំណែកឯ ការផ្តល់សេវាលើវិស័យសំណង់ គឺចាត់ទុកថាជាបញ្ហាស្មុគស្មាញមួយ ដូច្នេះសូមឱ្យមន្ត្រីជំនាញរៀបចំជួយលើបញ្ហាសំណង់នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការក្នុងការសាងសង់ កុំធ្វេសប្រហែស ឫព្រងើយកន្តើយលើការត្រួតពិនិត្យសំណង់ដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ធ្វើយ៉ាងណាត្រូវបំពេញតួនាទីរបស់ខ្លួន ឱ្យសាកសមជាមន្ត្រីជំនាញ និងកែសម្រួលរាល់ចំណុចខ្លះខាត់រៀងៗខ្លួន ត្រូវយកចិត្តទុកដាក់បំពេញការងារ បំរើបប្រជាពលរដ្ឋឱ្យបានល្អ និងស្របតាមច្បាប់ជាធរមាន ។ ចំពោះការផ្តល់សេវាលើវិស័យលើវិស័យសំណង់នេះ រាល់កិច្ចការទាំងអស់ មន្ត្រីត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ។ ម្ចាស់សំណង់តម្រូវឱ្យមានក្រុមហ៊ុនមើលការសំណង់នៅការដ្ឋាន ដើម្បីឱ្យក្រុមហ៊ុននេះទទួលខុសត្រូវរាល់ពេលមានហានិភ័យណាមួយកើតឡើង ។ មន្ត្រីពាំក់ព័ន្ធត្រូវពង្រឹងគោលការណ៍នេះ ដើម្បីឱ្យក្រុមហ៊ុនមើលការសំណង់នោះមើលការខុសត្រូវពីស្តង់កាសុវត្ថិភាព និងគុណភាពសំណង់ ។ ដោយឡែកមន្ត្រីជំនាញ ត្រូវជួបប្រជុំជាមួយប្រជាពលរដ្ឋដែលមានគម្រោងសាងសង់ និងក្រុមហ៊ុនសាងសង់ដើម្បីផ្សព្វផ្សាយឱ្យបានដឹង និងចុះបញ្ជីឱ្យបានត្រឹមត្រូវច្បាស់លាស់ ងាយស្រួលក្នុងការគ្រប់គ្រង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ចំពោះបញ្ហាចុះបញ្ជីដីធ្លីនិងការចេញប័ណ្ណកម្មសិទ្ធិគឺសូមឱ្យមន្ត្រីទាំងអស់ ជំរុញការងារចុះបញ្ជីដីធ្លីនេះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស កុំមានការធ្វែសប្រហែស ឫយឺតយ៉ាវក្នុងការពន្លឿនការងារនេះឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានកំណត់ ។ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្ថែមថា លោក មានបំណងចង់ឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្លាយជាក្រសួងដែលទទួលបានទំនុកចិត្ត ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល អ្នកវិនិយោគ និងប្រជាពលរដ្ឋ ដូច្នេះ លោកបានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្រោមឱវាទក្រសួង ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់កិត្តិយសស្ថាប័ននេះ និងរួមគ្នាជំរុញការងារទៅមុខទៀតឱ្យកាន់តែល្អប្រសើរ ក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ៕ ដោយ៖កូឡាប