អាជ្ញាធរអាឡឺម៉ងនិយាយថា ពួកគេចាប់បានគ្រឿងញៀនប្រភេទកូកាអ៊ីន ទម្ងន់ជិត ៥តោន និងមានតម្លៃប្រមាណ ១១,១១ពាន់ដុល្លារអាមេរិច។ នេះជាការរឹបអូសបានគ្រឿងញៀនដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តប្រទេសអាឡឺម៉ង។

អាជ្ញាធរធ្វើការរឹបអូសគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ នៅទីក្រុង Hamburg ភាគខាងជើងកំពង់ផែក្រុង។ គ្រឿងញៀនទាំងនោះ ត្រូវបានគេផ្ទុកនៅក្នុងកុងតឺន័រ ដោយដាក់ស្លាកថា ជាផលិតផលសណ្តែក និងត្រូវបានគេដឹកមកពីប្រទេសអ៊ុយរ៉ាហ្គាយ ទៅកាន់ប្រទេសប៊ែលហ្សិច។
ដោយក្នុងកុងតឺន័រនោះមិនមែនជាផលិតផលសណ្តែក អាជ្ញាធរបែរជារកឃើញវ៉ាលិសខ្មៅចំនួន ២០០ ដោយមានផ្ទុកគ្រឿងញៀនកូកាអ៊ីនចំនួន ៤.២០០កញ្ចប់។
បន្ទាប់ពីចាប់បាន អាជ្ញាធរបានបំផ្លាញគ្រឿងញៀនទាំងនោះចោល។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៧ អាជ្ញាធរក៏ធ្លាប់ចាប់បានគ្រឿងញៀនដ៏ច្រើនផងដែរ ដោយរឹបអូសបានកូកាអ៊ីន ទម្ងន់ ៤,២តោន មានតម្លៃជាទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN


