Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC ៖ ចុះ សិក្សា និង​ស្វែងយល់​បន្ថែម លើ​ស្ថានភាព​ជាក់ស្តែង នៃ​សកម្មភាព​វិនិយោគ និង​ពាណិជ្ជកម្ម​នៅតាម​តំបន់​ព្រំដែន​

spot_img

​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ មេត្តា​បង្កើន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​សម្រួល​ប្រតិបត្តិការ​នៃ​គម្រោង​វិនិយោគ​បច្ចុប្បន្ន សំដៅ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​បន្ថែម​មក​បណ្តាក់ទុន​នៅតាម​តំបន់​ជាយដែន​របស់​កម្ពុជា​។​

​នា​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ស្ថាប័ន បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ខេត្តបន្ទាយមានជ័យ និង​នៅ​ក្រុង​ប៉ោយប៉ែត ដោយមាន​ការចូលរួម​ពី​សំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ​អគ្គនាយករង លោក លោកស្រី ដែលជា​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​ផ្នែក​ឯកជន និង​តំណាង​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO)​។ ដំណើរ​ទស្សន​កិច្ចការ​ងារ​នេះ មានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មានការ​ចូលរួម ពី​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ចំណុះ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​។

​ទស្សនកិច្ច​សិក្សា​នេះ​ចែកចេញជា​ពីរ​ផ្នែក​សំខាន់ៗ គឺ (១) កិច្ចប្រជុំ​ការងារ​រវាង​គណៈប្រតិភូ​អន្តរក្រសួង ស្ថាប័ន និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង (២) ទស្សនកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ និង​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​។ គោលបំណង​នៃ​ទស្សនកិច្ច​សិក្សា​ខាងលើនេះ គឺ​ដើម្បី​សិក្សា និង​ស្វែងយល់​បន្ថែម​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​សកម្មភាព​វិនិយោគ និង​ពាណិជ្ជកម្ម​នៅតាម​តំបន់​ព្រំដែន សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ដាក់ចេញ​នូវ​យន្តការ​ពិសេស​សម្រាប់​ទាក់ទាញ​ការវិនិយោគ​ឱ្យ​កាន់តែច្រើន តាមរយៈ​ជាអាទិ៍ ការរៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​ជាយដែន ដោយ​យោងតាម​ស្មារតី និង​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​កិច្ចប្រជុំ​ការងារ​រវាង​គណៈប្រតិភូ​អន្តរក្រសួង​-​ស្ថាប័ន និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដែល​ដឹកនាំ​ដោយ ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ អង្គ​ប្រជុំបាន​ពិភាក្សា​ពី​ប្រធាន​បទ​សំខាន់ៗ​ចំនួន​៤ រួមមាន (១) ការរៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ជាយដែន​, (២) ការតភ្ជាប់​បណ្តាញ និង​ផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​, (៣) ការកំណត់​នូវ​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវ​ទាក់ទាញ និង​ការរៀបចំ​ឡើងវិញ​នូវ​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​ទាំងនោះ​, និង (៤) ការរៀបចំ​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម និង​សម្រួល​ផ្នែក​ឡូ​ជី​ស្ទីក​នៅតាម​ជាយដែន ឬ​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រមទាំង​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កំពុង​កើតមានឡើង​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​។

​នា​រសៀល​ថ្ងៃ​ដដែល គណៈប្រតិភូ​អន្តរក្រសួង​ស្ថាប័ន អមដំណើរ​ដោយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ​ជុំវិញ​ខេត្ត​បាន​ចុះទៅ​ពិនិត្យមើល​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​, ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រកព្រំដែន​អូរ​នាង​។ ជា​កិច្ច​បន្ទាប់ គណៈប្រតិភូ​បាន​បន្ត​កិច្ចពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​វិនិយោគ​ដែល​កំពុងមាន​ប្រតិបត្តិការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​អស់នៃ​ខេត្តបន្ទាយមានជ័យ​។ នៅក្នុង​ជំនួប​ពិភាក្សា​នេះ តំណាង​ក្រុមហ៊ុន​វិនិយោគ បានលើកឡើង​អំពី​សកម្មភាព​និង​ព័ត៌មាន​ទាក់ទង​ប្រតិបត្តិ​ការវិនិយោគ​រប​ស់​ខ្លួន ព្រមទាំង​បញ្ហា​ប្រឈម និង​សំណូមពរ​មួយចំនួន​ជូន​ដល់​អង្គប្រជុំ សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​យន្តការ​ជាក់ស្ដែង​នានា សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលបំណង​ដែល​បានលើកឡើង​ខាងលើ​។​

​ជា​កិច្ចបញ្ចប់ លោក សុខ ចិន្តា​សោភា បាន​ថ្លែងអំណរគុណ​ចំពោះ​តំណាង​ក្រសួង​-​ស្ថាប័ន រដ្ឋបាលខេត្ត​បន្ទាយមានជ័យ មន្ទីរ​ជុំវិញ​ខេត្ត និង​តំណាង​ក្រុមហ៊ុន​វិនិយោគ​ដែល​កំពុងមាន​ប្រតិបត្តិការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​អស់នៃ​ខេត្តបន្ទាយមានជ័យ ដែល​បាន​ចូលរួម​ក្នុង​ទស្សនកិច្ច​សិក្សា​នេះ​។ ជាមួយគ្នានេះ លោក​ក៏បាន​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​បង្កើន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​សម្រួល​ប្រតិបត្តិការ​នៃ​គម្រោង​វិនិយោគ​បច្ចុប្បន្ន សំដៅ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​បន្ថែម​មក​បណ្តាក់ទុន​នៅតាម​តំបន់​ជាយដែន​របស់​កម្ពុជា​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×