ជាងកាត់សក់ម្នាក់នៅអាមេរិក បានត្រូវប៉ូលសិចាប់ខ្លួន ព្រោះតែពុំត្រឹមតែកាត់សក់អាក្រក់ហួសហេតុប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអតិថិជនរងរបួសទៀត។
Joel DeSpain, អ្នកនាំពាក្យរបស់ប៉ូលិស នៅ Madison, រដ្ឋ Wisconsin, ឲ្យដឹងថា ប៉ូលិសបានចាប់ខ្លួនជាងកាត់សក់អាយុ ៤៦ឆ្នាំ ឈ្មោះ Khaled A. Shabani ពីបទបង្កចលាចល ក្នុងពេលមានកាន់អាវុធនៅដៃ។ Khaled បកស្រាយថា ខ្លួនពុំមានកំហុសទេ ហើយនោះគ្រាន់តែជាគ្រោះថ្នាក់ជាយថាហេតុប៉ុណ្ណោះ។
រីឯអតិថិជនវ័យ ២២ឆ្នាំ របស់ Khaled ឲ្យដឹងថា គាត់បានមកហាងនេះ ដើម្បីកោរសក់សងខាងឲ្យខ្លី។ លោកក៏ទទួលស្គាល់ដែរថា Khaled បានរំលឹកកុំឲ្យលោកងាកចុះឡើង។
Khaled បានធ្វើឲ្យរបួសត្រចៀកអតិថិជន ដោយប្រើកន្ត្រៃ។
អ្នកនាំពាក្យប៉ូលិសនិយាយថា ៖ “កាត់សក់អាក្រក់ ពុំមែនជាទោសទេ តែអ្នកអាចត្រូវចាប់ខ្លួនប្រសិនបើចេតនាប្រើកន្ត្រៃធ្វើឲ្យអតិថិជនរងបួស”៕ ចន្ទ្រា