ប្រទេសចិនបានចេញសារព្រមានយ៉ាងខ្លាំង ទៅដល់ក្រុមបាតុករនៅទីក្រុងហុងកុង ដោយប្រាប់ពួកគេកុំឲ្យប្រលែងលេងជាមួយនឹងភ្លើង។ ការព្រមានរបស់ចិននេះកើតឡើង ក្រោយក្រុមអ្នកតវ៉ា ធ្វើការទាមទារកាន់តែខ្លាំងឡើង និងបានលុកលុយទីក្រុងរហូតដល់មានការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិស។
អ្នកនាំពាក្យមកពីការិយាល័យគោលនយោបាយចិនសម្រាប់ហុងកុង បានថ្លែងប្រាប់អ្នកតវ៉ា កុំឲ្យមើលស្រាលលើសេចក្តីសម្រេចរបស់រដ្ឋាភិបាលកណ្តាល។
បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅហុងកុងបានអូសបន្លាយអស់រយៈពេល ៩សប្តាហ៍មកហើយរហូតមកដល់ពេលនេះ។
កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្រុមបាតុករទ្រងទ្រាយធំ បានលុកលុយទីក្រុង បណ្តាលជើងហោះហើរចំនួនជាង ២០០ត្រូវបានលុបចោល។
អ្នកតវ៉ាទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យទៅលើការបង្រ្កាបដ៏ឃោរឃៅរបស់ប៉ូលិស ការបោះបង់ចោលទាំងស្រុងនូវច្បាប់ធ្វើបត្យាប័ន និងការចុះចេញពីដំណែងរបស់មេដឹកនាំហុងកុង គឺអ្នកស្រី Carrie Lam។
សូមរំលឹកថា ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ត្រឡប់ទៅឲ្យចិនវិញនៅឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង “ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ” ដែលធ្វើឲ្យហុងកុងមានសេរីភាពក្នុងការបញ្ចេញមតិ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC