ប្រទេសប៉ាគីស្ថានបានប្រកាសពីគម្រោងបណ្តេញឯកអគ្គរដ្ឋទូតឥណ្ឌាចេញពីប្រទេស និងផ្អាកការធ្វើពាណិជ្ជកម្មជាមួយនឹងឥណ្ឌា ជុំវិញជម្លោះតំបន់ Kashmir។

តំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌាកំពុងស្ថិតក្នុងស្ថានភាពរឹតបន្តឹងខ្លាំងមិនធ្លាប់មានពីមុនមក ចាប់តាំងពីរដ្ឋាភិបាលឥណ្ឌា បានប្រកាសដកហូតសិទ្ធិស្វ័យភាពពិសេសពីតំបន់នោះ កាលពីថ្ងៃចន្ទ។
ប្រព័ន្ធទូរស័ព្ទ និងបណ្តាញអ៊ីនធឺណេតត្រូវបានគេកាត់ផ្តាច់នៅតំបន់នោះ ចាប់តាំងពីថ្ងៃអាទិត្យមកម្លេះ។
ទាហ៊ានរាប់ពាន់នាក់បានធ្វើការយាមកាមនៅតាមដងផ្លូវ។ ប្រជាជន Kashmir ស្ថិតនៅតំបន់ផ្សេងទៀតនៃប្រទេស បាននិយាយថា ពួកគេមិនអាចទាក់ទងទៅក្រុមគ្រួសារពួកគេបាននោះទេ។ មេដឹកនាំក្នុងតំបន់ពួកគេក៏ត្រូវបានឃុំខ្លួនផងដែរ។
សូមបញ្ជាក់ថា ទាំងប្រទេសប៉ាគីស្ថាន និងឥណ្ឌា សុទ្ធតែអះអាងថា តំបន់ Kashmir ជាទឹកដីរបស់ខ្លួន ប៉ុន្តែប្រទេសទាំងពីរនេះ គ្រប់គ្រងតំបន់នោះបានត្រឹមមួយភាគៗប៉ុណ្ណោះ។ នៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា មានក្រុមប៉ះបោរនៅរយៈពេលយូរមកហើយ ហើយជារឿយៗ ក្រុមនោះបានបង្កហឹង្សា បណ្តាលឲ្យមានការស្លាប់មនុស្សរាប់ពាន់នាក់ក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយមកនេះ។ ឥណ្ឌាចោទប៉ាគីស្ថានថាជាអ្នកគាំទ្រដល់ក្រុមប៉ះបោរ ប៉ុន្តែការចោទប្រកាន់នោះត្រូវបានប៉ាគីស្ថានបដិសេធចោលជានិច្ច។
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC




