រដ្ឋមន្រ្តីការបរទេសអាមេរិចលោក Mike Pompeo មិនសូវសម្តែងការខ្វល់ខ្វាយឡើយចំពោះការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងនេះ ដោយគាត់បញ្ជាក់ថា វាមិនធ្វើឲ្យប៉ពាល់ដល់កិច្ចចរចាជាមួយនឹងកូរ៉េខាងជើងឡើយ។

កូរ៉េខាងជើងធ្លាប់ប្រកាសថា ការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនគឺជាសារព្រមានប្រឆាំងទៅនឹង ការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិច និងកូរ៉េខាងត្បូង។ ចំពោះបញ្ហានេះ លោក Mike Pompeo បានថ្លែងប្រាប់អ្នកសារព័ត៌មានថា វាមិនប៉ពាល់ដល់ដំណើររបស់ទីក្រុងវ៉ានស៊ីនតោនចូលក្នុងតំបន់ឡើយ។
នៅពេលសួរថា តើការបាញ់មីស៊ីលរបស់កូរ៉េខាងជើងធ្វើឲ្យបរិកាសអាប់អួរឬទេ សម្រាប់កិច្ចចរចារំសាយនុយក្លេអ៊ែរ? លោក Mike Pompeo ឆ្លើយថាមិនទេ។ លោកបញ្ជាក់ដូច្នេះថា “យុទ្ធសាស្រ្តរដ្ឋាបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលមានការគោរពចំពោះកូរ៉េខាងជើងមិនផ្លាស់ប្តូរឡើយ”។
”គោលដៅរបស់យើងគឺដើម្បីសម្រេចបាននូវការរំសាយចោលនុយក្លេអ៊ែរកូរ៉េខាងជើងពេញលេញ។ ពួកយើងសង្ឃឹមថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ពួកយើងនឹងត្រឡប់ទៅកាន់តុចរចាវិញ ដើម្បីសម្រេចវា”។
លោក Mike Pompeo កត់សម្គាល់ឃើញថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្មីៗនេះ មិនមែនជាមីស៊ីលរយៈចំងាយមធ្យម និងវែងនោះទេ ហើយវាមិនដូចការធ្វើតេស្តកាលពីឆ្នាំ ២០១៧ និង ២០១៨នោះ។ ទីក្រុងព្យុងយ៉ាងបានឈប់បាញ់សាកល្បងនុយក្លេអ៊ែរចាប់តាំងពី កញ្ញា ឆ្នាំ ២០១៧។
សូមបញ្ជាក់ថា របបព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងមីស៊ីលរហូតដល់ទៅ ៤ដងក្នុងរយៈពេលមិនដល់ ២សប្តាហ៍ផង។ ការបាញ់សាកល្បងដ៏ច្រើនដងនោះ ត្រូវបានកូរ៉េខាងជើងប្រកាសថា ជាសារព្រមានដល់កូរ៉េខាងត្បូង ដែលបានផ្តើមធ្វើសមយុទ្ធរួមគ្នាឡើងវិញ ជាមួយនឹងអាមេរិច។
កូរ៉េខាងជើងតែងថ្កោលទោសសមយុទ្ធរួមគ្នារវាងអាមេរិច និងកូរ៉េខាងជើង ដោយបានចាត់ទុកសមយុទ្ធនោះថា ជាការហ្វឹកហាត់សមដើម្បីត្រៀមខ្លួនឈ្លានពានកូរ៉េខាងជើង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia


