ភ្នំពេញ៖វេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានរៀបចំឡើងជាលើកទី២នេះ ក្នុងស្មារតីស្ថាបនា ដើម្បីប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយ សំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដោយផ្តោតគោលបំណងផ្តល់ឱកាសដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមគំនិត។
វេទិកានេះធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអធិបតីភាព។ បើតាមលោករដ្ឋមន្ត្រី បានបញ្ជាក់ថា វេទិកានេះក្នុងគោលបំណង ៖ ១-ស្វែងយល់អំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ពាក់ព័ន្ធនឹងការលើកកម្ពស់ផលិតកម្មកសិកម្ម ការគ្រប់គ្រងកសិផល និងទីផ្សារ ២-ពិភាក្សាចែករំលែកបទពិសោធន៍ មេរៀន ព័ត៌មាន និងចំណេះដឹងអំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ៣-រិះរក និងកំណត់ដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ព្រមទាំងភារកិច្ច ការរួមចំណែក ឬការទទួលខុសត្រូវរបស់ភាគី និងអ្នកពាក់ព័ន្ធទាំងអស់។ សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៦-២០១៧ នាពេលឆាប់ៗខាងមុខនេះ ក៏នឹងយកលទ្ធផលនៃវេទិកានេះ ទៅពិនិត្យ និងពិភាក្សាបន្ថែមទៀត ដើម្បីដាក់ចេញដំណោះស្រាយ និងវិធានការអនុវត្ត។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងសុន្ទរកថាបើកវេទិកាកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយគូសបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧% ជាង១ទសវត្សរ៍កន្លងមក ដែលធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងការអភិឌ្ឍវិស័យកសិកម្ម ពីកង្វះតម្រូវការស្បៀងនាទសវត្ស១៩៩០ រហូតសល់ស្បៀងជាង៥លានតោន នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងការរីកចំរើននេះ ក៏មានបញ្ហាប្រឈមថ្មីៗកើតមានឡើង។ ដូចនេះ វេទិកានេះគឺជាឱកាសអង្គុយជជែកគ្នារវាងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីរកវិធានការដោះស្រាយរួមគ្នាជាលក្ខណៈគ្រួសារ។
វេទិកាបានពិភាក្សារួមគ្នាយ៉ាងផុសផុល ត្រង់ទៅត្រង់មកលើបញ្ហាប្រឈម និងដាក់វិធានការដោះស្រាយ ដែលរួមមាន៖ ការពិចារណាធ្វើប្រតិភូកម្មបន្ថែមដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងការពង្រឹងការទទួលខុសត្រូវរបស់មន្ទីរ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ការគាំទ្រនិងជំរុញដល់SMEsក្នុងការទទួលឥណទាន ជាពិសេសពីធនាគារSMEs ដែលនឹងបង្កើតនាពេលឆាប់ៗខាងមុខ ការជំរុញបន្ថែមដល់ការងារទីផ្សារកសិផលដោយវិស័យឯកជន និងក្រសួង ការបង្កើតនិងពង្រឹងការគ្រប់គ្រងសហគមន៍ព្រៃឈើក្នុងការដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វជាដើម ការពង្រឹងការអនុវត្តច្បាប់លើបទល្មើសព្រៃឈើ បទល្មើសនេសាទ ការទន្ទ្រានកាន់កាប់ដីព្រៃឈើ ដីសម្បទានសេដ្ឋកិច្ច ក៏ដូចជាការបំពេញនីតិវិធីក្នុងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចជាពិសេសការជំរុញចុះបញ្ជីដីឯកជនរបស់រដ្ឋ ការពិនិត្យលើការបន្ថែមសុពលភាពវិញ្ញាបនប័ត្រអនាម័យសត្វនិងផលិតផលពីសត្វ (ស្បែកសត្វ) ដោយផ្អែកលើតម្រូវការច្បាប់កម្ពុជា ប្រទេសនាំចូល និងអន្តរជាតិ ការពិភាក្សាលើបញ្ហាពន្ធនិងអាករពាក់ព័ន្ធនឹងផលិតកម្ម និងការកែច្នៃកសិផល វិធានការលើកស្ទួយភាពប្រកួតប្រជែងទីផ្សារកសិផល និងការចិញ្ចឹមសត្វ…ជាដើម។
សូមបញ្ជាក់ជូនថា នេះជាលើកទី២ នៃការរៀបចំវេទិកានេះ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលវេទិកាលើកទី១ បានរៀបចំធ្វើនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់សុខា ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងវេទិកាស្តីពី”ការការពារ និងអភិរក្សធនធានធម្មជាតិ” នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងមក៕ ដោយ៖កូឡាប